(ម៉ូស្គូ)៖ ក្រុមបាល់ទាត់នៅប្លុកអឺរ៉ុប ស្វីស និងស៊ុយអែត ធ្លាប់បានយកឈ្នះ និងចាញ់ ១០ដងដូចគ្នា ក្រៅពីស្មើ៧ដង ពីប្រវត្តិជួបគ្នា ២៧ដងមកនេះ ដែលត្រូវប៉ះគ្នាជាថ្មីម៉ោង ៩យប់ថ្ងៃអង្គារ ទី០៣ ខែកក្កដានៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ។
ការជួបគ្នាចុងក្រោយ ក្រុមទាំងពីរបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ នៃជំនួបមិត្តភាពអន្តរជាតិ កាលពីឆ្នាំ២០០២ ហើយក្នុងយុទ្ធនាការ World Cup ស្វីស និងស៊ុយអែត ធ្លាប់ជួបគ្នា ៥ដង ដោយស៊ុតអែតធ្លាប់យកឈ្នះ៣ដង និងចាញ់២ដង មិនដែលស្មើឡើយ ក្នុងនាមជាក្រុមដែលមិនទាន់ឈ្នះ និងរងជើងឯកពានរង្វាន់ពិភពលោក World Cup ដែលមានរយៈពេល ៤ឆ្នាំម្តងដូចគ្នា។
ស្វីស ជាក្រុមលេខ២ ចេញពីពូល E បន្ទាប់ពីសាំបាប្រេស៊ីល ដោយលេង៣ប្រកួតសន្សំពិន្ទុក្នុងពូល ឈ្នះ១ដង និងស្មើ២ដង ដែលត្រូវជួបក្រុមលេខ១ នៃពូល F ស៊ុយអែត ក្នុងនាមជាក្រុមលេង៣ប្រកួតដូចគ្នា ឈ្នះ២ដង និងចាញ់ ១ដង រកបាន ៦ពិន្ទុ ខណៈក្រុមហាលអាវក្រោមថ្វីជើងរបស់ប្រេស៊ីល មិចស៊ិក បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ដោយសារតែអាល្លឺម៉ង់ ចាញ់កូរ៉េខាងត្បូង ២-០ នៅថ្ងៃប្រកួតបិទពូល។
សូមបញ្ជាក់ផងដែរថា ២ប្រកួតបញ្ចប់វគ្គ ១៦ក្រុមរាត្រីនេះនៃ World Cup លើកទី២១ នឹងត្រូវឡើងទៅប៉ះគ្នានៅវគ្គ ៨ក្រុមចុងក្រោយសម្រាប់ក្រុមឈ្នះ ខណៈ៦ក្រុមផ្សេងទៀតបានរកឃើញអស់ហើយរួមមាន មាន់គកបារាំង ប៉ះអ៊ុយរ៉ាហ្គាយ, ក្រូអាត ជួបម្ចាស់ផ្ទះរុស្ស៊ី និងប្រេស៊ីល ប៉ះប៊ែលហ្ស៊ិក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ជាបន្តទៀត៕