BREAKING NEWS: អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ ពាក់ព័ន្ធករណីពុករលួយ!
03-07-2018 15:57
(គូឡាឡាំពួ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនហើយ ពាក់ព័ន្ធនឹងការស៊ើបអង្កេតករណីពុករលួយរបស់លោក កាលពីលោកនៅកាន់អំណាច។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។
បើតាមមេធាវីនៃគ្រួសាររបស់លោក ណាជីប អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះ ត្រូវបានចាប់ខ្លួនហើយនៅឯគេហដ្ឋានផ្ទាល់ខ្លួន ដោយក្រុមមន្រ្តីប្រឆាំងអំពើពុករលួយ ហើយប្រហែលជាត្រូវទទួលរងការចោទប្រកាន់ជាផ្លូវការ នៅថ្ងៃស្អែកនេះតែម្តង។
គួរជម្រាបថា លោក ណាជីប រ៉ាហ្សាក់ បាននិងកំពុងស្ថិតក្រោមការស៊ើបអង្កេត ជុំវិញរឿងអាស្រូវពុករលួយយ៉ាងកក្រើកមួយ ដែលក្នុងនោះលុយរាប់ពាន់លានដុល្លារ បានបាត់ចេញពីមូលនិធិរដ្ឋ 1MDB ដែលជាស្នាដៃបង្កើតរបស់រូបលោកផ្ទាល់។ ជុំវិញរឿងអាស្រូវនេះ លោក ណាជីប និងខាងមូលនិធិ សុទ្ធតែបានប្រកែកថា មិនបានប្រព្រឹត្តអ្វីខុសនោះទេ៕