(ឡុងដ៍)៖ ឯកសារសំងាត់មួយមានឈ្មោះ «Britain’s X-Files» បានបង្ហើបថា ក្រសួងការពារជាតិអង់គ្លេស បានចំណាយពេលជាងកន្លះសតវត្សរ៍ ក្នុងការតាមប្រមាញ់ថាសហោះ ឬយានមនុស្សពិភពផ្សេង (UFOs) ដែលជាផ្នែកមួយនៃការព្រួយបារម្ភ ខ្លាចក្រែងអតីតសហភាពសូវៀត ឬក៏ចិនទទួលបានបច្ចេកវិទ្យាមនុស្សពិភពផ្សេង (alien technology) មុនខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមិថុនា ឆ្នាំ២០១៨។
យោងតាម «Britain’s X-Files» ទីភ្នាក់ងារស៊ើបការណ៍សំងាត់អង់គ្លេស មានឯកសារថាសហោះមនុស្សពិភពផ្សេង (UFOs) ចំនួនពីរនៅក្នុងដៃ នៅចន្លោះឆ្នាំ១៩៤៧ និងឆ្នាំ១៩៩៧។ ម្យ៉ាងវិញទៀត ក្នុងចំណោមឯកសារមួយ បានអនុញ្ញាតឱ្យមនុស្សផ្ដល់ព័ត៌មាន តាមទូរស័ព្ទនៅពេលបានឃើញ UFOs ខណៈអ្នកពាក់ព័ន្ធផ្សេងទៀត ស៊ើបអង្កេតលើរបាយការណ៍ UFOs។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ លោក ណីក ប៉ុបប៉េ (Nick Pope) ដែលធ្លាប់បំពេញការងារឱ្យក្រសួងការពារជាតិអង់គ្លេស ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០០៦ បានអះអាងថា រដ្ឋាភិបាលអង់គ្លេសបានដឹងថា រុស្ស៊ី និងចិន កំពុងស្រាវជ្រាវពាក់ព័ន្ធលើថាសហោះ ឬយានមនុស្សពិភពផ្សេង ក្នុងគោលបំណងអភិវឌ្ឍន៍បច្ចេកវិទ្យាយោធា តាមលំអាននៃបច្ចេកវិទ្យាមនុស្សពិភពផ្សេង ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
គួរជម្រាបថា បើតាមលោក Nick Pope ក្រសួងការពារជាតិអង់គ្លេស ក៏បានចាប់អារម្មណ៍ក្នុងការស្រាវជ្រាវ បច្ចេកវិទ្យាមនុស្សពិភពផ្សេង ដើម្បីយកទៅប្រើប្រាស់ប្រឆាំងនឹងសត្រូវរបស់ខ្លួន ក្នុងសម័យសង្រ្គាមត្រជាក់រវាងអតីតសហភាពសូវៀត និងសហរដ្ឋអាមេរិក នៅចន្លោះឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៩០ ផងដែរ។
មិនត្រឹមអង់គ្លេសប៉ុណ្ណោះទេ កាលពីឆ្នាំមុននេះមន្ទីរបញ្ចកោណអាមេរិក ក៏ធ្លាប់បានទម្លាយឯកសារមួយផងដែរថា ខ្លួនបានចំណាយពេល ០៥ឆ្នាំ ទៅលើគំរោងតាមស្វែងរកថាសហោះ ដែលជាផែនការសម្ងាត់មួយ ប៉ុន្តែធាតុពិតយ៉ាងណានោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ ព្រោះវានៅតែស្ថិតជាឯកសារសម្ងាត់ដដែល៕