(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតទៅកាន់បណ្តាមេដឹកនាំ នៃប្រទេសមួយចំនួនជាសមាជិកអង្គការ NATO ដោយបង្ហាញពីការមិនពេញចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញការមិនគោរពកាតព្វកិច្ចរបស់ប្រទេសទាំងនោះ ក្នុងការបង្កើនកញ្ចប់ថវិកាសម្រាប់វិស័យយោធា។ នេះបើតាមសេចក្តីរាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។
បើតាមសារព័ត៌មានអាមេរិក New York Times លិខិតរបស់លោក ដូណាល់ ត្រាំ ត្រូវបានផ្ញើទៅកាន់សម្ព័ន្ធមិត្ត NATO រួមមានប៊ែលហ្សិក, កាណាដា, អាល្លឺម៉ង់, និងន័រវែស កាលពីខែមិថុនាកន្លងទៅ។ បើតាមប្រភពព័ត៌មានដដែល លោក ត្រាំ បានផ្ញើលិខិតមួយច្បាប់ទៅកាន់អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ជាពិសេសថា «ដូចដែលយើងបានពិភាក្សា កាលពីអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រី កាលពីខែមេសា សហរដ្ឋអាមេរិកកាន់តែមិនពេញចិត្តខ្លាំងឡើងៗ ជុំវិញការដែលសម្ព័ន្ធមិត្តមួយចំនួន មិនបានប្រព្រឹត្តតាមការសន្យា។ ការចំណាយទាបលើវិស័យការពារជាតិរបស់អាល្លឺម៉ង់ ជះផលប៉ះពាល់ជាខ្លាំងដល់សន្តិសុខ NATO និងអាចយកធ្វើលេសសម្រាប់សមាជិកដទៃទៀត ដែលពុំមានគម្រោងបង្កើនការចំណាយយោធារបស់ពួកគេដូចគ្នា»។
កាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ បានបង្ហាញជំហរម្តងទៀតថា សម្ព័ន្ធមិត្ត NATO គួរតែបង្កើនការចំណាយសម្រាប់វិស័យយោធា ដោយលោកនិយាយថា សហរដ្ឋអាមេរិក បាននិងកំពុងចាយវាយច្រើនលើសគេលើសឯង នៅក្នុងសម្ព័ន្ធមិត្តនេះ ដែលបានកំណត់ថា គោលដៅនៃការចំណាយគឺស្មើនឹងពីរភាគរយនៃ GDP របស់ប្រទេសជាសមាជិក។
កាលពីឆ្នាំ២០១៤ សម្ព័ន្ធមិត្ត NATO បានរួមគ្នាសន្យាថា នឹងលែងកាត់បន្ថយការចំណាយលើវិស័យយោធាទៀតហើយ ហើយនឹងបង្កើនវាដោយសន្សឹមៗវិញ ដើម្បីស្របតាមគោលដៅ ០២ភាគរយនៃ GDP របស់ NATO នៅក្នុងអំឡុងពេល ០១ទសវត្សរ៍។ លោក ដូណាល់ ត្រាំ ធ្លាប់បានអំពាវនាវជាដដែលៗឲ្យសម្ព័ន្ធ NATO គោរពតាមការសន្យារបស់ខ្លួន ដោយព្រមានថា បើមិនដូច្នោះទេទីក្រុងវ៉ាស៊ីនតោននឹងកាត់បន្ថយការចូលរួមក្នុងកម្មវិធីផ្សេងៗ ដែលមានគោលដៅធានាសន្តិសុខ ឲ្យប្រទេសជាសមាជិក NATO។
គួរជម្រាបថា មកទល់ពេលនេះមានតែប្រទេសចំនួន ០៥ ប៉ុណ្ណោះក្នុងចំណោមសមាជិកទាំង ២៩ របស់អង្គការ NATO ដែលត្រូវគេរាយការណ៍ថា បានអនុវត្តន៍តាមការទាមទាររបស់ លោក ដូណាល់ ត្រាំ ដោយក្រៅពីសហរដ្ឋអាមេរិកផ្ទាល់ គឺរួមមានចក្រភពអង់គ្លេស ក្រិច ប៉ូឡូញ និងអេស្តូនីផងដែរ៕