(បាងកក)៖ សុបិន្តអាក្រក់របស់អ្នកទាំង ១៣នាក់ ដែលត្រូវបានគេរកឃើញថា នៅមានអាយុជីវិត ក្រោយជាប់ក្នុងរូងភ្នំថាំលួងអស់ជាង ១០ថ្ងៃមកនេះ មិនទាន់បញ្ចប់ឡើយ ខណៈក្រុមអ្នកជួយសង្រ្គោះថៃ បាននិងកំពុងពន្លឿនការបូមទឹកចេញពីរូងភ្នំ នៅថ្ងៃអង្គារនេះ ក្រោយការព្យាករណ៍ឧតុនិយមបានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមនៅតំបន់នោះ ដែលអាចនឹងបង្កភាពស្មុគស្មាញបន្ថែម ដល់កិច្ចខិតខំប្រឹងប្រែងជួយយកអ្នកទាំងនេះចេញមកខាងក្រៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។
ក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាក់ ត្រូវបានក្រុមអ្នកជំនាញខាងមុជទឹក មកពីចក្រភពអង់គ្លេសចំនួនពីរនាក់ រកឃើញថានៅមានជីវិត នៅឡើយកាលពីថ្ងៃចន្ទ នៅម៉ោងប្រមាណ ១០៖២៥នាទីយប់ ដោយស្ថិតនៅចំងាយប្រហែល ០៤គីឡូម៉ែត្រពីមាត់រូងភ្នំ។ ដូច្នេះហើយ ទើបក្រុមជំនាញថៃ និងអន្តរជាតិ ដែលកំពុងបំពេញប្រតិបត្តិការនៅឡើយនៅតំបន់រូងភ្នំថាំលួង ស្រុកម៉ែសៃ នៃខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេសថៃនោះ បានវាយតម្លៃថា យ៉ាងហោចណាស់ គេត្រូវប្រើរយៈពេលជាច្រើនថ្ងៃ ឬឈានចូលសប្តាហ៍ផងដែរ ទើបអាចយកជនរងគ្រោះទាំង ១៣នាក់ ចេញពីរូងភ្នំនេះបាន។
បន្ថែមពីនេះទៀត ក្រុមជំនាញត្រូវបង្ហាត់ពួកគេទាំង ១៣នាក់ ពីរបៀបមុជទឹក និងប្រើប្រាស់បរិក្ខាមុជទឹកជាមុនសិន ខណៈស្បៀងអាហារ បំពង់អុកស៊ីហ្សែន និងថ្នាំពេទ្យកំពុងត្រូវបានក្រុមសង្គ្រោះផ្សេងទៀត ព្យាយាមបញ្ជូនទៅខាងក្នុងរូងភ្នំ។
គួរជម្រាបថា ជុំវិញការបូមទឹកចេញពីរ៉ូងភ្នំថាំលួងនេះដែរ អាជ្ញាធរថៃ បានអះអាងថាផ្ទៃដីស្រែចំការ ១៤,០០០ រ៉ៃ (១រ៉ៃ = ១៦០ ម៉ែតក្រឡា) ស្ថិតនៅជុំវិញ ត្រូវបានទឹកជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំង និងទឹកដែលត្រូវបានបូមចេញពីរូងភ្នំ។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងបញ្ជាក់ទៀតថា ផលប៉ះពាល់មាន ០៩ភាគរយ នៃដីស្រែចំការសរុបក្នុងតំបន់ចំនួនដីដូចជា ស្រីមួងជុំ (Sri Muang Chum), ផុងផា (Pong Pha) និង បានដៃ (Ban Dai) ស្ថិតនៅក្នុងស្រុក ម៉ៃសៃ (Mae Sai) នៃខេត្តឈៀងរ៉ាយ។
លើសពីនេះទៅទៀត បើតាមអគ្គនាយកដ្ឋាននៃក្រសួងកសិកម្មថៃ លោក ស៊ុមឆៃ ឆានណារុងគុល (Somchai Charnnarongkul) កសិករនៅក្នុងតំបន់ប៉ះពាល់ទាំងបីនេះ អាចនឹងទទួលសំណង ១,១១៣ បាត (១ដុល្លារ = ៣៣បាត) ក្នុងមួយរ៉ៃជាមួយសំណង អតិបរមា ៣០ រ៉ៃ ក្នុងមួយគ្រួសារ៕