(ចិន)៖ យោងតាមមន្ត្រីតុលាការកំពូលប្រជាជនចិន (SPC) បានឲ្យដឹងថា រដ្ឋាភិបាលប្រទេសចិន នឹងបង្កើតតុលាការពាណិជ្ជកម្មអន្តរជាតិ ដើម្បីដោះស្រាយវិវាទផ្សេងៗទាក់ទងនឹងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវថ្នល់ ដែលតុលាការនេះនឹងផ្ដល់ នូវមធ្យោបាយជាច្រើន សម្រាប់ការដោះស្រាយវិវាទ។
ដោយមានការជួយគាំទ្រពី តុលាការកំពូលប្រជាជនចិន តុលាការពាណិជ្ជកម្មនេះ នឹងត្រូវដាក់ឲ្យដំណើរការនៅចុងខែនេះ ដើម្បីចាត់ចែងការងារសម្របសម្រូលមជ្ឈត្តកម្ម និងបណ្ដឹងវិវាទពាណិជ្ជកម្ម និងការវិនិយោគដែលកើតមាន ក្នុងចំណោមប្រទេសនានា ដែលស្ថិតនៅក្នុងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវថ្នល់ ដែលនេះជាឈ្មោះកម្មវិធីអភិវឌ្ឍន៍ដ៏មហិច្ឆតារបស់ប្រទេសចិន សម្រាប់វិស័យពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិ។
លោក លាវ គុយស៊ាង គណៈកម្មាធិការអង្គចៅក្រម នៃតុលាការកំពូលប្រជាជនចិន បាននិយាយថា «យន្តការដោះស្រាយវិវាទរបស់យើងនេះ មានបញ្ចូលនូវជម្រើសល្អៗ ដូចជា ការសម្របសម្រួល មជ្ឈត្តកម្ម និងបណ្ដឹងវិវាទ ដើម្បីបានក្លាយទៅជាការងារតែមួយ ។ ដូច្នេះ តុលាការនេះផ្ដល់ជម្រើសច្រើន ដល់ភាគីដែលពាក់ព័ន្ធ។ ពួកគេអាចជ្រើសរើសដាក់ពាក្យបណ្តឹង ទៅតុលាការកិច្ចការពាណិជ្ជកម្មអន្តរជាតិ ឬទៅតុលាការអាជ្ញាកណ្តាល ដែលភាគីទាំងពីរជាអ្នកជ្រើសរើស ឬពួកគេអាចជ្រើសរើសយកការ សម្របសម្រួលក៏បាន»។
លោក លាវ បាននិយាយថា ការសម្របសម្រួលវិវាទផ្សេងៗ នឹងត្រូវបានធ្វើឡើងដោយអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ ដែលយល់ជ្រៅជ្រះអំពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងច្បាប់វិនិយោគអន្តរជាតិ។
លោក លាវ គុយស៊ាង បន្ថែមថា «សមាជិកគណៈកម្មាធិការជំនាញ នឹងត្រូវបានប្រគល់ភារកិច្ច ពីតុលារការកិច្ចការពាណិជ្ជកម្មអន្តរជាតិ ដើម្បីធ្វើការសម្របសម្រួលវិវាទ បកស្រាយវិធានពាណិជ្ជកម្មអន្តរជាតិ និងផ្តល់ដំបូន្មានអំពីការចូល ទៅមើលច្បាប់បរទេសណាដែល អាចអនុវត្តចំពោះករណីវិវាទនោះ។ បច្ចុប្បន្ន តុលាការកំពូលប្រជាជនចិន កំពុងធ្វើការដើម្បីបង្កើតវិធានសម្រាប់គណៈកម្មាធិការ អ្នកជំនាញផ្នែកកិច្ចការពាណិជ្ជកម្មអន្តរជាតិ»។
តុលាការពាណិជ្ជកម្មអន្តរជាតិដំបូងគេ នឹងត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងស៊ិនចិន ក្នុងខេត្តគាំងទុង ភាគខាងត្បូងប្រទេសចិន ហើយតុលាការទីពីរ នឹងបង្កើតនៅក្នុងទីក្រុង ស៊ីអាន របស់ខេត្តសានស៊ី ភាគពាយ័ព្យប្រទេសចិន។
រហូតមកដល់ពេលនេះ តុលាការកំពូលប្រជាជនចិន បានអនុម័តលើសេចក្តីបកស្រាយផ្នែកច្បាប់ ទាក់ទងនឹងតុលាការពាណិជ្ជកម្មអន្តរជាតិ ដោយកំណត់ពីប្រភេទករណី ដែលតុលាការពាណិជ្ជកម្មអន្តរជាតិនឹងទទួលយក និងបញ្ជាក់ពីដំណើរការរបស់យន្តការ នៃការកាត់សេចក្តី៕ (សារព័ត៌មាន CCTV របស់ចិន)