(ចិន)៖ ក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍទីប្រជុំជនជនបទចិន នឹងធ្វើយុទ្ធនាការថ្នាក់ជាតិមួយក្នុងខែនេះ ដើម្បីកាត់បន្ថយការអនុវត្តមិនស្របច្បាប់ របស់ភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនសាងសង់អចលនទ្រព្យនានា ព្រមទាំងដើម្បីរៀបចំស្តង់ដារទីផ្សារអចលនទ្រព្យ ក្នុងប្រទេសចិនផងដែរ។

បើយោងតាមសេចក្តីជូនដំណឹងមួយ ដែលចេញផ្សាយដោយក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍទីប្រជុំជនជនបទចិន និងមន្ទីររដ្ឋាភិបាលកណ្តាលចំនួន៦ ទីក្រុងចំនួន៣០ រួមទាំងប៉េកាំង សៀងហៃ និង គ័ងចូវ នឹងត្រូវត្រួតពិនិត្យលើភាពមិនប្រក្រតី ផ្នែកអចលនទ្រព្យ។ ការត្រួតពិនិត្យនេះ បានចាប់ផ្តើមចាប់ពីថ្ងៃទី២ ខែកក្កដា ហើយនឹងបញ្ចប់ទៅវិញនៅដំណាច់ខែធ្នូ។

ការត្រួតពិនិត្យនេះ នឹងសំដៅលើភាពមិនប្រក្រតីទាំងឡាយ រួមមានដូចជាការផ្តល់ព័ត៌មានបំភ្លើសអំពីការលក់ផ្ទះ ការផ្សាយពាណិជ្ជកម្មក្លែងក្លាយ ការដំឡើងតម្លៃផ្ទះដោយមិនស្មោះត្រង់ ការបំពានក្នុងទីផ្សារ និងការលាក់ទុកផ្ទះដែលមិនទាន់លក់។

អាជ្ញាធរមូលដ្ឋាន តម្រូវឱ្យធ្វើសកម្មភាពដ៏ខ្លាំងក្លាប្រឆាំងនឹង ការអនុវត្តទាំងនេះ ដែលរួមបញ្ចូលទាំងការផ្តល់អាជ្ញាប័ណ្ណក្លែងក្លាយ និងវិធីបង់រំលោះផ្ទះដែលមិនស្របច្បាប់។

សាធារណជន ក៏ត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការត្រួតពិនិត្យនេះផងដែរ។

លោក ជិន យ៉ុង អធិការរង នាយកដ្ឋានអធិការកិច្ចទីផ្សារអចលនទ្រព្យ នៃក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍទីប្រជុំជនជនបទចិន បានថ្លែងថា​ «នាយកដ្ឋានកណ្តាលទាំង៧ នឹងធ្វើសកម្មភាពរួមគ្នាមួយ ដើម្បីស៊ើបអង្កេត និងបង្រ្កាបគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវ នូវការអនុវត្តមិនស្របច្បាប់។ តាមរយៈការរកឃើញភាពមិនប្រក្រតីបន្ថែមទៀត ក្នុងវិស័យអចលនទ្រព្យ យុទ្ធនាការនេះក៏នឹងជួយឱ្យប្រជាពលរដ្ឋយល់អំពីសិទ្ធិរបស់គាត់ ជួយឱ្យគាត់យល់កាន់តែច្បាស់អំពីថា តើការអនុវត្តមិនស្របច្បាប់ ផ្តល់ផលប៉ះពាល់យ៉ាងណាដល់សិទ្ធិ និងផលប្រយោជន៍របស់ពួកគាត់។ យុទ្ធនាការនេះក៏អនុញ្ញាតឱ្យពួកគាត់ ចូលរួមក្នុងការត្រួតពិនិត្យនេះផងដែរ»

ទិន្នន័យផ្លូវការសម្រាប់ខែមិថុនាបង្ហាញថា តម្លៃផ្ទះនៅតាមទីក្រុងធំៗ ក្នុងប្រទេសចិនភាគច្រើន គឺមានស្ថិរភាពក្នុងខែឧសភា ដោយសាររដ្ឋាភិបាលមូលដ្ឋានមានការរឹតបន្តឹង ដើម្បីទប់ស្កាត់ការរំពឹងចង់ដំឡើងថ្លៃផ្ទះ។

នៅក្នុងសេចក្តីប្រកាសមួយ ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិ តម្លៃផ្ទះសម្រាប់លំនៅដ្ឋានថ្មីៗ នៅទីក្រុងចំនួន៤ ដែលស្ថិតក្នុងលំដាប់លេខ១ បានចុះថ្លៃ០.៦ភាគរយ កាលពីខែមុន ពោលគឺបានចុះថ្លៃ៤ខែជាប់ៗគ្នាមកហើយ បើគិតចាប់ពីឆ្នាំមុនមក។

កាលពីប៉ុន្មានឆ្នាំកន្លងទៅ ការឡើងថ្លៃផ្ទះដ៏គំហុកនៅតាមទីក្រុងធំៗ បានបង្ករឱ្យមានក្តីបារម្ភអំពីហានិភ័យផ្នែកអចលនទ្រព្យនេះ។ ដើម្បីទប់ស្កាត់ការរំពឹងចង់ដំឡើងតម្លៃផ្ទះ រដ្ឋាភិបាលមូលដ្ឋានបានរឹតបន្តឹងទៅលើការទិញផ្ទះ ព្រមទាំងបានដំឡើងចំនួនប្រាក់កក់បន្ថែមទៀត សម្រាប់ការទិញផ្ទះបង់រំលោះ។

ជាការឆ្លើយតប រដ្ឋាភិបាលកំពុងអនុវត្តយន្តការរយៈពេលវែងមួយ សម្រាប់ការគ្រប់គ្រងវិស័យអចលនទ្រព្យ ដែលនឹងធានាបាននូវការអភិវឌ្ឍន៍ ប្រកបដោយនិរន្តភាព និងស្ថិរភាព នៃទីផ្សារអចលនទ្រព្យ។

គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍ និងកំណែទម្រង់ចិន ព្រមទាំងក្រសួងហិរញ្ញវត្ថុចិន បានចេញសេចក្តីជូនដំណឹងរួមគ្នាមួយ ស្តីពីការគ្រប់គ្រងហានិភ័យបំណុល ដោយបានលើកឡើងថា ប័ណ្ណបំណុលដែលចេញដោយក្រុមហ៊ុនអចលនទ្រព្យនៅបរទេស គួរតែយកមកប្រើប្រាស់ សម្រាប់ការសងបំណុលជាចំបង។

លោក ស៊ូ ហុងឆាយ អនុប្រធានសេដ្ឋកិច្ចវិទូ នៃមជ្ឈមណ្ឌលកិច្ចការ សេដ្ឋកិច្ចអន្តរជាតិចិន បានថ្លែងថា ចាប់តាំងពីដើមឆ្នាំនេះមក ការខកខានសងថ្លៃប័ណ្ណបំណុល ដែលក្រុមហ៊ុនមួយចំនួនត្រូវសង ជាពិសេសគឺក្រុមហ៊ុនឯកជនតែម្តង បានបង្ហាញថា វាមានហានិភ័យគួរឱ្យកត់សម្គាល់ ក្នុងសេវាបង់រំលោះ និងប័ណ្ណបំណុលក្នុងស្រុក ដែលចេញដោយក្រុមហ៊ុនអចលនទ្រព្យនៅបរទេស។ ការបង់រំលោះជាទ្រង់ទ្រាយធំ មានកត្តាដែលមិនសមហេតុផលមួយចំនួន ដូចជារចនាសម្ព័ន្ធរូបិយប័ណ្ណ ដែលមិនសមហេតុផល និងរចនាសម្ព័ន្ធដែលមានកំណត់ពេលវេលា»៕ (សារព័ត៌មាន CCTV របស់ចិន)