(ម៉ូស្គូ)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស លេងមិនចាញ់ក្រុមមកពីតំបន់អាមេរិកឡាទីន កូឡុំប៊ី ឡើយពីប្រវត្តិធ្លាប់ ជួបគ្នា ៥ដងមកនេះ ក្រៅពីធ្លាប់យកឈ្នះ៣ដង និងស្មើ២ដង ដែលត្រូវប៉ះគ្នាជាថ្មីនារាត្រីម៉ោង ១យប់រំលងអាធា្រត្រនេះ បញ្ចប់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើជា ម្ចាស់ផ្ទះ។

អង់គ្លេស ធ្លាប់បានបំបាក់កូឡុំប៊ី ២-០ កាលពីជួបគ្នាក្នុង World Cup 1998 ដែលមានបារាំងធ្វើម្ចាស់ផ្ទះ ជាមួយនឹងការ ឈ្នះ ៤-០ និង ៣-២ ក្នុងជំនួបមិត្តភាពអន្តរជាតិ និងស្មើ ២ដងដោយលទ្ធផលបច្ចេកទេស ១-១ និង ០-០ សុទ្ធតែក្នុង មិត្តភាពអន្តរជាតិដូចគ្នា។

អតីតម្ចាស់ជើងឯក World Cup តែម្តងគត់ក្នុងឆ្នាំ១៩៦៦ ក្នុងទឹកដីរបស់ខ្លួន ក្រោយយកឈ្នះអាល្លឺម៉ង់នៅវគ្គផ្តាច់ព្រ័ត្រ នោះ បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ចេញពីពូល G ជាមួយនឹងការលេង៣ប្រកួតសន្សំពិន្ទុក្នុងពូល ឈ្នះ២ដង និងចាញ់១ដង ស្របពេលគូប្រជែងរាត្រីនេះ កូឡុំប៊ី បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ប្រចាំពូល H ដោយលេង៣ប្រកួតដូចគ្នា ឈ្នះ២ដង និងចាញ់១ដង៕