(ម៉ិចស៊ីកូស៊ីធី)៖ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ម៉ិចស៊ីកូ លោក អាន់ដ្រែស ម៉ានូអែល ឡូប៉ែស អូប្រាដ័រ (Andres Manuel Lopez Obrador) បានឲ្យដឹងថា លោកទើបតែបាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងបានស្នើឲ្យប្រទេសជិតខាងទាំងពីរនេះ ព្យាយាមស្វែងរកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។
ក្រោយពីទទួលជោគជ័យយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅ លោក Lopez Obrador បានឲ្យដឹងថា លោកបានទទួលការហៅទូរស័ព្ទពីលោក ដូណាល់ ត្រាំ ហើយមេដឹកនាំទាំងពីរបានជជែកសំណេះសំណាលគ្នា អស់រយៈពេលកន្លះម៉ោង ខណៈអនាគតប្រធានាធិបតីម៉ិចស៊ីកូ បានស្នើឲ្យប្រទេសជិតខាងទាំងពីរ គិតគូរទៅលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយមួយ។
ជាមួយគ្នានេះ លោក Lopez Obrador ក៏បានស្នើនូវកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅបង្កើនអត្រានៃអ្នកមានការងារធ្វើ នៅម៉ិចស៊ីកូផងដែរ ដើម្បីកាត់បន្ថយចំនួនជនអន្តោវេសន៍ឆ្លងដែនចូលទៅអាមេរិក។ សម្រាប់លោក ត្រាំ វិញ ក៏បានរំពឹងថា នឹងមានទំនាក់ទំនងយ៉ាងល្អប្រសើរ ជាមួយម៉ិចស៊ីកូនាពេលឆាប់ៗខាងមុខផងដែរ។
គួរជម្រាបថា លោក ដូណាល់ ត្រាំ ស្ថិតក្នុងចំណោមមេដឹកនាំអន្តរជាតិដំបូងៗគ្នា ដែលបានផ្ញើសារចូលរួមអបអរសាទរលោក Lopez Obrador ភ្លាមៗ ក្រោយពីលោកទទួលបានសំឡេងគាំទ្រជាង ៥០ភាគរយ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីម៉ិចស៊ីកូ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន៕