(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តទិញប្រព័ន្ធរ៉ាដារបស់ក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ដើម្បីយកទៅតម្លើងជាមួយប្រព័ន្ធមីស៊ីលការពារដែនអាកាស ដែលជប៉ុនបញ្ជាទិញពីទីក្រុងវ៉ាស៊ីនតោន ក្នុងតម្លៃរាប់ពាន់លានដុល្លារ។ នេះបើតាមប្រភពពីមន្ត្រីក្រសួងការពារជាតិជប៉ុន ដែលសុំមិនបញ្ចេញឈ្មោះប្រាប់ Reuters ដោយផ្ទាល់នៅរសៀលថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។
Reuters កាលពីសប្ដាហ៍មុន ក៏បានរាយការណ៍ផងដែរថា ជប៉ុនកំពុងពិចារណាថា តើគួរទិញប្រព័ន្ធរ៉ាដាពីក្រុមហ៊ុន រ៉ាយធើន (Raytheon) ឬក៏ពីក្រុមហ៊ុន ឡុកឃីដ ម៉ាទីន (Lockheed Martin) យកទៅតម្លើងប្រព័ន្ធមីស៊ីលការពារដែនអាកាស អេជីស អាហ្ស័រ (Aegis Ashore) ដែលបញ្ជាទិញពីសហរដ្ឋអាមេរិក ហើយគ្រោងនឹងដាក់ពង្រាយនៅឆ្នាំ២០២៣។
លើសពីនេះទៅទៀត ការដាក់ពង្រាយប្រព័ន្ធមីស៊ីលនេះទៀតសោត ទីក្រុងតូក្យូ ក៏មានបំណងលើកទឹកចិត្ត ក៏ដូចជាបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម ជាមួយទីក្រុងវ៉ាស៊ីនតោន ព្រមទាំងទុកដើម្បីកំញើញចិន និងកូរ៉េខាងជើងផងដែរ។
គួរបញ្ជាក់ថា ការសម្រេចចិត្តទិញប្រព័ន្ធរ៉ាដាពី Lockheed Martin អាចជំរុញឱ្យរដ្ឋាភិបាលជប៉ុន ស្នើសុំបង្កើនកញ្ចប់ថវិកាជាតិ បើ ទោះជាភាពតានតឹងនៅលើឧបទ្វីបកូរ៉េ កំពុងស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ ក្រោយជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅក៏ដោយ៕