(វ៉ាស៊ីនតោន)៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិកមិនទទួលស្គាល់ទង្វើរបស់រុស្ស៊ីទៅលើតំបន់គ្រីមៀនោះឡើយ ហើយទណ្ឌកម្មដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ទៅលើទីក្រុងម៉ូស្គូ នៅតែរក្សាទុកដូចដើមដដែល។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) បានលើកឡើងថា «យើងមិនទទួលស្គាល់ទង្វើរបស់រុស្ស៊ី ដែលបានព្យាយាមរួមបញ្ចូលតំបន់គ្រីមៀ ទៅក្នុងប្រទេសរបស់ខ្លួននោះឡើយ ហើយទណ្ឌកម្មពាក់ព័ន្ធនឹងតំបន់នេះ ដែលយើងបានដាក់ទៅលើប្រទេសរុស្ស៊ី នឹងនៅរក្សាទុកដូចដើមដដែល លុះត្រាណាតែរុស្ស៊ីយល់ព្រមប្រគល់ឧបទ្វីបនេះ ទៅកាន់អ៊ុយក្រែនវិញ»។
គួរជម្រាបថា រុស្ស៊ីត្រូវបានបណ្តេញចេញពីក្រុមប្រទេសសេដ្ឋកិច្ចកំពូល G7 (នៅពេលមានរុស្ស៊ី គឺ G8) កាលពីឆ្នាំ២០១៤ ហើយចាប់តាំងពីពេលនោះមក បានទទួលរងទណ្ឌកម្មជាបន្ត បន្ទាប់ពីលោកខាងលិច ក្រោយពីបានរួមបញ្ចូលតំបន់ឧបទ្វីបគ្រីមៀ ជាកម្មសិទ្ធិរបស់ខ្លួន។
ជាមួយគ្នានេះដែរ កាលពីសប្តាហ៍មុនវិមានក្រឹមឡាំង និងសេតវិមានបានប្រកាសថា ប្រធានាធិបតីនៃប្រទេសទាំងពីរ នឹងបើកកិច្ចប្រជុំកំពូលមួយនៅរដ្ឋធានី ហ៊ែលស៊ីងគី (Helsinki) នៃប្រទេសហ្វាំងឡង់ នៅថ្ងៃទី១៦ ខែកក្កដា ដោយមេដឹកនាំទាំងពីរត្រូវគេរំពឹងថា នឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី បញ្ហាសន្តិសុខជាតិ និងបញ្ហាអន្តរជាតិដ៏ក្តៅគគុកជាច្រើនទៀត៕