(អាមេរិក)៖ រូបភាពដ៏អស្ចារ្យមួយប្រភេទថ្មី បង្ហាញពីភពអេលៀនធំជាងផែនដីយើង រាប់ពាន់ដងដែលទើបត្រូវបានរកឃើញ កំពុងលេចចេញជារូបរាងឡើងពីសំណុំនៃឧស្ម័ន និងធូលី នៅជុំវិញផ្កាយក្មេងខ្ចីមួយដួង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមិថុនា ឆ្នាំ២០១៨។
សំណុំឧស្ម័ន និងធូលីអវកាស ដែលមានរាងដូចបន្ទះឌីស នៅជុំវិញផ្កាយក្មេងៗ គឺជាទីកំណើតរបស់ភពនានា ប៉ុន្តែមកទល់ពេលនេះ មានការសង្កេតតិចតួចប៉ុណ្ណោះ ដែលបានរកឃើញពីតំរុយនៃភពអេលៀន ដែលទើបលេចចេញជារូបរាងនៅក្នុងពួកវា។ បញ្ហានៃរឿងនេះនោះគឺ នៅមុនការរកឃើញខាងលើភាគច្រើន នៃបេក្ខភាពភពទាំងនេះ ប្រហែលអាចគ្រាន់តែជាលក្ខណៈណាមួយ របស់សណុំឧស្ម័ន និងធូលីក្នុងទីអវកាសទាំងនោះប៉ុណ្ណោះ។
យ៉ាងណាមិញ តាមរយៈការវិភាគតាមដានទៅលើការសង្កេតថ្មី នៃផ្កាយតូចមួយឈ្មោះ PDS 70 ដែលមានអាយុ ៥.៤លានឆ្នាំ និងនៅចម្ងាយ ៣៧០ឆ្នាំពន្លឺពីផែនដី ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញវត្តមាន នៃភពឧស្ម័នយក្សទើបតែកកើតថ្មី នៅក្នុងបណ្តុំឧស្ម័ន និងធូលីអវកាសនៅព័ទ្ធជុំវិញ PDS 70 ហើយអាចផ្តិតយករូបភាព នៃភពអេលៀននោះបាន ដែលមានឈ្មោះថា PDS 70b តាមរយៈការប្រើប្រាស់ប្រព័ន្ធតេឡេស្កូប VLT ដែលមានមូលដ្ឋាននៅប្រទេសឈីលី។
យោងតាមការវិភាគ ភព PDS 70b គឺមានទំហំពីរ ឬបីដងធំជាងភពព្រហស្បតិ៍ (Jupiter) និងនៅចម្ងាយ ០៣ពាន់លានគីឡូម៉ែត្រ ពីផ្កាយរបស់វា គឺស្មើនឹងចម្ងាយរវាងអ៊ុយរ៉ាណុសនិងព្រះអាទិត្យ៕