(ឥណ្ឌូណេស៊ី)៖ ភ្នំភ្លើង អាហ្គុង (Agung) ស្ថិតនៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដែលបានផ្ទុះឡើងជាថ្មី ជាមួយការបញ្ចេញផេះ និងកម្អែលភ្នំភ្លើងរាប់គីឡូម៉ែត្រ ទៅលើអាកាសដោយ កំពុងបង្ខំឱ្យប្រជាជនរស់នៅក្បែរនោះ រត់គេចចេញពីផ្ទះសម្បែងរបស់ពួកគេទៅ កាន់កន្លែងមានសុវត្ថិភាព។ នេះបើតាមអាជ្ញាធរឥណ្ឌូណេស៊ី ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្ដរាយឥណ្ឌូណេស៊ីបានឱ្យដឹងថា ភ្នំភ្លើង Agung ស្ថិតនៅភាគឦសានកោះបាលី ក៏ធ្លាប់ផ្ទុះកាលពីចុងឆ្នាំ ២០១៧ផងដែរ ហើយវាបានផ្ទុះជាថ្មី តាំងតែពីថ្ងៃសុក្រសប្ដាហ៍មុនមកម្ល៉េះ ដោយបណ្ដាលឱ្យអាកាសយានដ្ឋានអន្តរជាតិនៅលើកោះ បាលីលុបចោលជើងហោះហើរជាច្រើន។
ទីភ្នាក់ងារនេះដដែលបានបញ្ជាក់ទៀតថា កាលពីយប់ថ្ងៃចន្ទប្រជាជននៅក្នុងតំបន់បាន លឺសំឡេងផ្ទុះជាថ្មីម្ដងទៀតយ៉ាងកក្រើកចេញពីភ្នំភ្លើង Agung ដែលបានជះកម្អែលភ្នំភ្លើង និងដុះថ្មជាង២គីឡូម៉ែត្រចេញមកក្រៅ។ ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីការបំផ្លិចបំផ្លាញ និងជនរងគ្រោះនៅឡើយទេ។
គួរបញ្ជាក់ថា ការផ្ទុះរបស់ភ្នំភ្លើង Agung លើកចុងក្រោយកាលពីឆ្នាំ១៩៦៣ បានផ្ដាច់យកជីវិតមនុស្សច្រើនជាង ១,០០០នាក់ និង បំផ្លាញផ្ទះរបស់អ្នកស្រុកនៅក្បែរខាងអស់រាប់រយខ្នង៕