(បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងថា ផ្ទៃដីស្រែចំការ ១៤,០០០ រ៉ៃ (១រ៉ៃ = ១៦០ ម៉ែតក្រឡា) ស្ថិតនៅជុំវិញរូងភ្នំ ថាំលួង (Tham Luang) ត្រូវបានទឹកជន់លិចដោយសារ តែភ្លៀងធ្លាក់ខ្លាំង និងទឹកដែលត្រូវបានបូមចេញពីរូងភ្នំ ជាទីដែលក្មេងប្រុសទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាល់របស់ពួកគេម្នាក់ ត្រូវបានគេរកឃើញថា នៅនៅមានជីវិត ក្រោយបាត់ខ្លួនអស់ជាង ០៩ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។
ក្រុមមន្ត្រីមកពីក្រសួងកសិកម្មថៃ ត្រូវបានបញ្ជូនទៅកាន់ខេត្តឈៀងរ៉ាយហើយ ដើម្បីវាយតម្លៃពីទំហំខូចខាត ខណៈផ្ទៃដីស្រែចំការ ១៤,០០០ រ៉ៃ ជាកម្មសិទ្ធិរបស់កសិករ ១០១នាក់ ត្រូវបានជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំង និងទឹកដែលត្រូវបានបូមចេញពីរូងភ្នំ Tham Luang។
ចំណែកឯ ផលប៉ះពាល់មាន ៩ភាគរយ នៃដីស្រែចំការសរុបក្នុងតំបន់ចំនួនដីដូចជា ស្រីមួងជុំ (Sri Muang Chum), ផុងផា (Pong Pha) និង បានដៃ (Ban Dai) ស្ថិតនៅក្នុងស្រុក ម៉ៃសៃ (Mae Sai) នៃខេត្តឈៀងរ៉ាយ។ លើសពីនេះទៅទៀត អគ្គនាយកដ្ឋាននៃក្រសួងកសិកម្មថៃ លោក ស៊ុមឆៃ ឆានណារុងគុល (Somchai Charnnarongkul) ក៏បានអះអាងដែរថា កសិករនៅក្នុងតំបន់ប៉ះពាល់ទាំងបីនេះ អាចនឹងទទួលសំណង ១,១១៣ បាត (១ដុល្លារ = ៣៣បាត) ក្នុងមួយរ៉ៃ ជាមួយសំណងអតិបរមា ៣០ រ៉ៃ ក្នុងមួយគ្រួសារ។
គួរបញ្ជាក់ថា ក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាក់ ត្រូវបានក្រុមសង្គ្រោះរកឃើញហើយនៅម៉ោងប្រមាណ ១០៖២៥ នាទីយប់ ដោយពួកគេនៅមានជីវិតទាំងអស់។ ប៉ុន្តែតាមក្រុមជំនាញថៃ និងអន្តរជាតិដែលកំពុងបំពេញប្រតិបត្តិការ នៅឡើយនៅតំបន់រូងភ្នំថាំលួង ស្រុកម៉ែសៃ នៃខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេសថៃនោះបានវាយតម្លៃថា យ៉ាងហោចណាស់ ត្រូវប្រើរយៈពេលជាច្រើនថ្ងៃ ឬឈានចូលសប្តាហ៍ផងដែរ ទើបអាចយកក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាក់ ចេញពីរូងភ្នំនេះបាន៕