(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីជួបពិភាក្សាការងារជាមួយមេដឹកនាំ លោក គីម ជុងអ៊ុន និងបន្តកិច្ចចរចាស្ដីពីការ លុបបំបាត់អាវុធនុយក្លេអ៊ែរ នៃរបបដឹកនាំទីក្រុងព្យុងយ៉ាង ក៏ដូចជាលទ្ធភាពនៅក្នុងការរៀបចំជំនួប ត្រាំ-គីម លើកទីពីរផងដែរ។ នេះបើតាមប្រភពពីសេតវិមាន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងសេតវិមាន) អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) បានប្រកាសថា នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក ប៉ុមប៉េអូ ទៅកាន់ទីក្រុងព្យុងយ៉ាង ចាប់តាំងពីជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនាកន្លងទៅ។
លោកស្រីបន្ថែមថា លោករដ្ឋមន្ត្រីការបរទេសអាមេរិក នឹងស្ថិតនៅក្នុងប្រទេសកូរ៉េខាងជើងរហូតដល់ថ្ងៃសៅរ៍ ដើម្បីពិភាក្សា និង ពិគ្រោះយោបល់ពីការអនុវត្តឱ្យបានពេញលេញ នូវកិច្ចព្រមព្រៀងរវាងមេដឹកនាំប្រទេសទាំងពីរនៅសិង្ហបុរី។
គួរជម្រាបថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បាននិយាយថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានផែនការលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង យ៉ាងយូរក្នុងរយៈពេលមួយឆ្នាំ។ ដូច្នេះគេរំពឹងថា នៅក្នុងជំនួបជាមួយលោក គីម លោក ប៉ុមប៉េអូ អាចនឹងលើកយកសំណើនេះមកពិភាក្សាឡើងវិញ ហើយមិនតែប៉ុណ្ណោះគេក៏ជឿជាក់ថា ជំនួប ត្រាំ-គីម អាចត្រូវធ្វើឡើងជាថ្មីផងដែរ៕