(ប៉េកាំង)៖ ចិនមានបំណងអភិវឌ្ឍន៍ គ្រាប់រ៉ុក្កែតដឹកជញ្ជូន Long March ស៊េរីថ្មីតូច មធ្យម និងធំ នៅត្រឹមឆ្នាំ២០៣០ ខាងមុខនេះ ដើម្បីឆ្លើយតបនឹងកំណើននៃប្រតិបត្តិការទីអវកាសរបស់ខ្លួន។ នេះបើតាមអ្នកជំនាញចិន លោក ឡុង ឡេហាវ (Long Lehao) ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។
លោក Long Lehao ជាវិស្វករជំនាញមួយរូប មកពីរាជបណ្ឌិតសភាចិន នៃបច្ចេកវិទ្យាយានអវកាស (China Academy of Launch Vehicle Technology) បានឱ្យដឹងទៀតថា សមត្ថភាពគ្រាប់រ៉ុក្កែតចិន អាចនឹងមានទម្ងន់ ១៤០តោន សម្រាប់ដឹកជញ្ជូនផ្កាយរណប គន្លងទាប, ៤៤តោនសម្រាប់គន្លងពីផែនដៅទៅភពព្រះអង្គារ, ៥០តោនពីផែនដីទៅឋានព្រះច័ន្ទ និង ៦៦តោនសម្រាប់ផ្កាយរណបទៅកាន់គន្លងគោចរជុំវិញផែនដី (geosynchronous) នៅឆ្នាំ២០៣០ ខាងមុខនេះ។
គួរបញ្ជាក់ថា បើតាមលោក Long Lehao គ្រាប់រ៉ុក្កែតមួយក្នុងចំណោមគ្រាប់រ៉ុក្កែតដឹកជញ្ជូនជំនាន់ថ្មី អាចជាគ្រាប់រ៉ុក្កែតធុនធ្ងន់ Long March-9 ហើយដែលគ្រាប់រ៉ុក្កែតនេះមានអង្កត់ផ្ចិត ១០ម៉ែត្រ និងមានរ៉ុក្កែតរុញចំនួន ០៤ ដែលមានអង្កត់ផ្ចិតនីមួយៗ ០៥ម៉ែត្រ៕