(អាមេរិក)៖ អ្នកទាំង​ឡាយដែលពិតជាមានក្តីប្រាថ្នា​ ចង់ចាកចេញពី​ជីវិតរស់នៅលើ​ភពផែនដី ប្រហែលជា​គួរធ្វើការ​ពិចារណា​ចុះ​ឈ្មោះ​ជា​​ប្រ​ជា​ជន​នៃ​​ប្រទេស អាសក្រាដៀ (Asgradia) ដែលកំពុងមាន​ក្តីសង្ឃឹមថា នឹងអាចកសាង​ទីសំណាក់​អចិន្រ្តៃយ៍​ នៅលើឋាន​ព្រះច័ន្ទតែម្តង។ នេះបើតាម​ការដកស្រង់​ការ​​ផ្សាយ​ចេញ​ពីសារព័ត៌មាន Business Insider នៅរសៀលថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។

អាសហ្គាឌា (Asgardia) ត្រូវបានបង្កើត​ឡើងកាលពី​ឆ្នាំ២០១៦ ហើយមកទល់​ពេលនេះត្រូវ​គេអះអាងថា មានប្រជាជន​ចំនួន ២០០,០០០នាក់ ហើយ Asgradia ក៏មានរដ្ឋធម្មនុញ្ញ និងសភាដែល​កើតចេញពីការបោះឆ្នោត​ផងដែរ។ សម្រាប់មេដឹកនាំ​របស់ប្រទេសអវកាសនេះ​វិញ មាន​ឈ្មោះថា អ៊ីហ្គ័រ អាស៊ឺបៃលី (Igor Ashurbeyli) មានតួនាទី​ជាវិស្វករ អ្នកវិទ្យាសាស្រ្ត​កុំព្យូទ័រ និងពាណិជ្ជករ​រុស្ស៊ី ហើយលោក​បានឡើងកាន់តំណែង​ដើម្បីដឹកនាំ​ Asgardia កាលពី​ថ្ងៃទី២៥ ខែមិថុនា​កន្លង​ទៅនេះ។

ប្រជាជន Asgardia មាន​គម្រោងធំៗក្នុងនោះ ពួកគេចង់​បង្កើនចំនួន​ជនជាតិខ្លួន​ ឲ្យបាន ១៥០លាននាក់ នៅក្នុងរយៈពេល ១០ឆ្នាំ ហើយពួកគេ​ក៏មាន​គោលដៅអភិវឌ្ឍន៍​នាវាអវកាសយក្ស​មួយ នៅក្នុងទីអវកាស ជាកន្លែងដែល​មនុស្សលោករស់នៅ​បាន​ជាអចិន្រ្តៃយ៍​ផងដែរ។ លោក Ashurbeyli បានថ្លែងសារ​ជាលើកដំបូង​របស់លោក ក្នុងនាមជា​ប្រធានាធិបតី​របស់ Asgardia នៅឯទីក្រុង​វីយែន (Vienna) ប្រទេស​អូទ្រីស។

ប្រទេស Asgardia បានយក​ឈ្មោះតាម អាសហ្គាដ (Asgard) ដែលជាទីឋាន​នៅលើមេឃ ក្នុងទេវកថា​របស់ប្រទេសអឺរ៉ុប​ខាងកើត។ បច្ចុប្បន្ន Asgardia មានប្រជាជន​រស់នៅតាមប្រទេស​ជាង ២០០ ហើយអ្នកទាំងឡាយ​ដែលចង់ក្លាយ​ជាប្រជាជន​របស់ Asgradia អាចធ្វើការចុះ​ឈ្មោះបាន​តាម​​​អនឡាញ។

គួរជម្រាបថា គម្រោងរបស់​លោក Ashurbeyli មានដូចជាបង្កើត​ក្រុមផ្កាយរណប ដែលអាចផ្តល់សេវាអ៊ីនធើណែត​នៅទូទាំងពិភពលោក ​ក្នុងរយៈពេល​ ០៥ ទៅ ០៧ឆ្នាំខាងមុខ ហើយលោកក៏ចង់​មាននាវាអវកាស​មួយគ្រឿង​ ដែលអាចធ្វើប្រតិបត្តិការ​បាន​នៅ ១០ ទៅ ១៥ឆ្នាំខាង​មុខផងដែរ។ ​ប្រធានាធិបតី​ប្រទេស​អវកាសនេះ មានគម្រោងបង្កើត​មូលដ្ឋានអចិន្រ្តៃយ៍​មួយ នៅលើឋានព្រះច័ន្ទ​ផងដែរ ក្នុងរយៈពេល ​២៥ឆ្នាំ ​ទៀត៕