(ឡុងដ៍)៖ ក្រុមរដ្ឋមន្ត្រីអង់គ្លេសជាច្រើននាក់ បានចូលរួមក្នុងកិច្ចប្រជុំជាសម្ងាត់មួយ ដើម្បីពិភាក្សាគ្នាជុំវិញការរៀបចំកម្មវិធី និងផែន ការនានា នៅពេលការចូលទិវង្គតរបស់ព្រះមហាក្សត្រី អេលីហ្សាប៊ែត (Elisabeth) ទី២។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអង់គ្លេស The Times នៅរសៀលថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។
យោងតាម The Times កិច្ចប្រជុំជាសម្ងាត់ខាងលើ ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន និងផ្ដោតសំខាន់លើការរៀបចំផែនការសម្រាប់ការចូលទិវង្គតរបស់ព្រះមហាក្សត្រីយ៍ Elisabeth ទី ២ ដែលមានព្រះជន្មាយុ ៩២ព្រះវស្សា ទៅហើយនោះនៅពេលអនាគត។ បន្ថែមពីលើនេះ The Times បានបញ្ជាក់ទៀតថា លោក ដេវីដ ឡៃឌីងថុន (David Lidington) ជាមនុស្សជំនិតម្នាក់របស់នាយករដ្ឋមន្ត្រី លោកស្រី ថេរ៉សា ម៉ាយ (Theresa May) គឺជាប្រធានដឹកនាំកិច្ចប្រជុំនេះ ដែលមានការចូលរួមផងដែរពីរដ្ឋមន្ត្រីមហាផ្ទៃ លោក សាជីដ ហ្សាវីដ (Sajid Javid) ជាដើម។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានអង់គ្លេស The Times កិច្ចប្រជុំខាងលើក៏បានផ្ដោតសំខាន់ លើផែនការសកម្មភាពក្រោយការចូលទិវង្គតនៃម្ចាស់ក្សត្រីយ៍ Elisabeth ទី០២ ក្នុងនោះរួមមានទាំងការកាន់ទុក្ខរយៈពេល ១០ថ្ងៃ និងការធ្វើសេចក្ដីថ្លែងការណ៍ ប្រកាសពីការចូលទិវង្គតជាសាធារណៈផងដែរ៕