(បាងកក)៖ ក្រុមអ្នកមុជទឹកថៃ ដែលកំពុងតាមស្វែងរកមនុស្សទាំង ១៣នាក់ ដែលបានបាត់ខ្លួននៅក្នុងរូងភ្នំមួយស្ថិត នៅភាគខាងជើងប្រទេសថៃ អស់រយៈពេលឈានដល់ថ្ងៃទី ៩ នេះបានចូលកាន់តែជិតដល់កន្លែងដែលអ្នកបាត់ខ្លួនទំាងនោះស្ថិតនៅហើយ ដោយកាលពីពេលថ្ងៃត្រង់ ថ្ងៃចន្ទនេះមានការអះអាងថា សល់រយៈចម្ងាយត្រឹមតែ ១គីឡូម៉ែត្រទៀតប៉ុណ្ណោះ ដែលជាក្តីសង្ឃឹមចុងក្រោយក្នុងការប្រតិបត្តិការរុករកជាលក្ខណៈអន្តរជាតិនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។
កាលពីព្រឹកថ្ងៃចន្ទនេះ បើតាមការឲ្យដឹងតាមរយៈទំព័រ Facebook របស់កងកម្លាំងជើងទឹកថៃ ក្រុមអាជ្ញាធរថៃបានចាប់ផ្តើមបញ្ចូលខ្យល់ ដាក់ក្នុងបំពង់ផ្គត់ផ្គង់អុកស៊ីសែនចំនួន ៣៥១បំពង់ថ្មី ដែលត្រូវបានបញ្ជូនទៅកាន់ទីនោះ ដោយមានការជួយពីមហាជនថៃទាំងឡាយ។ ដោយបូកជាមួយបំពង់អុកស៊ីសែនចំនួន ៤១៥បំពង់ ដែលមានស្រាប់ បំពង់អុកស៊ីសែនសរុបទាំងអស់ ៧៦៦បំពង់ នឹងត្រូវបានបំពេញខ្យល់ ហើយកិច្ចការនេះនឹងត្រូវចំណាយពេល ១២ម៉ោង។
បំពង់អុកសែនទាំងនេះ ត្រូវបានបញ្ជូលទៅកាន់កំណាត់ល្អាងទីបី នៃរូងភ្នំដ៏ជ្រៅខាងលើនេះ ដើម្បីឲ្យក្រុមអ្នកជំនាញមុជទឹកប្រើប្រាស់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីធ្វើដំណើរទៅដល់ច្រកបំណែកមួយ ដែលជាកន្លែងក្មេងៗទាំង ១២នាក់ ព្រមទាំងគ្រូបង្វិកបាល់ទាត់របស់ពួកគេម្នាក់ ដែលត្រូវគេជឿជាក់ថា បានជាប់គាំងនៅទីនោះ។
គួរបញ្ជាក់ថា ក្មេងជំទង់ៗ ១២នាក់ ដែលជាក្រុមកីឡាករបាល់ទាត់មកពីក្លឹប មូប៉ា (Mu Pa Academy) និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ បានបាត់ខ្លួនទៅតាំងតែពីថ្ងៃសៅរ៍សប្តាហ៍ទី២៣ ខែមិថុនាមកម្ល៉េះ រីឯក្រុមអ្នកជួយសង្រ្គោះជឿជាក់ថា អ្នកទាំងនេះកំពុងជាប់ខ្លួនកាន់តែជ្រៅនៅក្នុងរូងភ្នំថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើងនៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជារូងភ្នំ វែងជាងគេបំផុតទី០៤ របស់ថៃ ដោយសារតែភ្លៀងធ្លាក់កាន់តែខ្លាំង ហើយពួកគេព្យាយាមគេចចេញពីទឹកជំនន់ក្នុងរូង ដើម្បីស្វែងរកច្រកចេញផ្សេង។
ក្មេងទាំងនោះមានអាយុចន្លោះពី ១១ឆ្នាំ ដល់ ១៦ឆ្នាំ ហើយគ្រូបង្វឹកបាល់ទាត់របស់ពួកគេមាន អាយុ២៥ឆ្នាំត្រូវបានគេរាយការណ៍ថា មិនអាចចាកចេញពីរូងភ្នំនេះបានឡើយ នៅមុនពេលមានទឹកជន់លិចដោយសារតែភ្លៀង។ ម្យ៉ាងវិញទៀត បើតាមប្រវត្តិនៃរូបភាពរបស់ក្រុមក្មេងៗកីឡាករទាំងនោះ គឺពួកគេធ្លាប់ទៅកាន់ទីនោះកាលពីចុងឆ្នាំ២០១៦ ផងដែរ។
ដោយឡែក ក្រុមអ្នកជួយសង្រ្គោះថៃ ដោយមានជំនួយពីក្រុមអ្នកជំនាញអាមេរិក អង់គ្លេស ចិន ជប៉ុន ឡាវ ភូមា ព្រមទាំងប្រទេសដទៃទៀតនៅក្នុងតំបន់ បានអះអាងនៅថ្ងៃចន្ទនេះថា ពួកគេកំពុងស្ថិតនៅទីតាំងដែលនៅចំងាយជាង ១គីឡូម៉ែត្រប៉ុណ្ណោះ ពីទីតាំងដែលគេជឿជាក់ថា ក្មេងៗប្រុសទាំង ១២នាក់ និងគ្រូបង្វឹកម្នាក់របស់ពួកគេកំពុងស្ថិតនៅ៕