(បាងកក)៖ ប៉ូលិសនៅខេត្តឈុនបុរី (Chun Buri) ប្រទេសថៃ បានចាប់ឃាត់ខ្លួនស្រ្តីជនជាតិខ្មែរម្នាក់ ដោយសារតែភ្លើងប្រច័ណ្ឌបានបង្ខំឲ្យនាង ធ្វើរឿងដ៏នឹកស្មានមិនដល់មួយ នោះគឺកាត់ប្រដាប់ភេទប្តីរបស់ខ្លួនដែលជាជនជាតិថៃ ហើយយកលាក់ទុកបាត់ឈឹងតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានថៃ The Nation នៅរសៀលថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។
ស្រ្តីជនជាតិខ្មែរខាងលើ ដែលគេស្គាល់ត្រឹមឈ្មោះថា ករុណា មានអាយុ ២៤ឆ្នាំ បានហៅទៅកាន់ខ្សែទូរស័ព្ទសង្គ្រោះបន្ទាន់ កាលពីព្រឹកព្រលឹមថ្ងៃចន្ទនេះ ដើម្បីស្នើឲ្យជួយបញ្ជូនប្តីរបស់នាងឈ្មោះ ស៊ីរីផាន់ សានុសាន (Siriphan Sanusant) អាយុ ៤០ឆ្នាំ ទៅកាន់មន្ទីរពេទ្យ។ ស្រ្តីរូបនេះបាននិយាយប្រាប់ប៉ូលិសថា នាងមានការខឹងសម្បារចំពោះប្តីរបស់ខ្លួន ដោយសារការលួចមានស្នេហាជាមួយស្រីដទៃទៀត ហើយក៏បានលួចកាត់លិង្គចោលនៅពេលដែលប្តី កំពុងដេកលក់តែម្តង។
ដោយសារឃើញការឈឺចាប់ខ្លាំងហួសពាក្យថ្លែងរបស់បុរសជាប្តី បានបណ្តាលឲ្យនាង ករុណា ហៅទូរស័ព្ទបន្ទាន់ដើម្បីសុំឲ្យបញ្ជូនប្តីរបស់ខ្លួនទៅកាន់មន្ទីរពេទ្យ ខណៈប៉ូលិសនៅតែត្រូវបញ្ចុះបញ្ចូលរូបនាង ដើម្បីឲ្យបង្ហើបប្រាប់ពីកន្លែង ដែលនាងលាក់ទុកអវៈយវៈភេទខាងលើ។
គួរជម្រាបថា ក្រោយពីរកឃើញប្រដាប់ភេទប្តីនាងភ្លាមៗ ក៏ត្រូវបានដាក់ក្នុងធុងទឹកកក ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសល្យក្រុមគ្រូពេទ្យបានដឹង វាជ្រុលពេលទៅហើយ ដើម្បីធ្វើការតភ្ជាប់វាឲ្យលោក Siriphan វិញ ព្រោះតែជាលិការបស់ប្រដាប់ភេទនោះបានងាប់បាត់អស់ទៅហើយ ដោយមិនអាចវះកាត់តភ្ជាប់វិញបានឡើយ៕