(ប៉ារីស)៖ វាជារឿងដែលធ្លាប់មានតែក្នុងភាពយន្តប៉ុណ្ណោះ ប៉ុន្តែពេលបានក្លាយជាការពិតជាក់ស្តែង ដោយទណ្ឌិតជាជនពាលម្នាក់ ត្រូវបានបងប្អូនរបស់គេជួយឲ្យហែកគុក រួចរត់ឡើងឧទ្ធម្ភាគចក្រ ជិះគេចខ្លួនទៅបាត់ស្រមោលតែម្តងពីពន្ធនាគារមួយស្ថិតនៅភាគខាងត្បូង ទីក្រុងប៉ារីស ប្រទេសបារាំង។នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។
ជនពាល និងជាទណ្ឌិតខាងលើនេះមានឈ្មោះថា រ៉េដូអ៊ីន ហ្វេដ (Redoine Faid) អាយុ ៤៦ឆ្នាំ បានជួបគ្នាជាមួយនឹងបងប្អូនប្រុសរបស់ខ្លួន ដែលចូលទៅសួរសុខទុក្ខរូបគេដល់ក្នុងពន្ធនាគារ ហើយពេលនោះស្រាប់តែមានខ្មាន់កាំភ្លើពីរនាក់ បានសម្រុកចូលមក ដោយប្រើប្រាស់គ្រាប់បែកផ្សែង បំផ្ទុះក្នុងបន្ទប់ពន្ធនាគារ រួចក៏បានធ្វើសកម្មភាពរំដោះទណ្ឌិត Redoine ឡើងទៅលើឧទ្ធម្ភាគចក្រដែលចតចោល នៅចំណតមួយនៃពន្ធនាគារភាគខាងត្បូងទីក្រុងប៉ារីសនោះ។
សមត្ថកិច្ចបារាំងបានឲ្យដឹងទៀតថា ក្រោយពីហោះចេញពីទីធ្លាពន្ធនាគារមិនបានប៉ុន្មានផង ឧទ្ធម្ភាគចក្រខាងលើនេះ បានទៅចុះចតនៅតំបន់ កុងណេសេ (Gonesse) ដែលនៅក្បែរពន្ធនាគារនោះដែរ រួចហើយទណ្ឌិតខាងលើក៏លោតចុះ រួចរត់គេចទៅបាត់ស្រមោលតែម្តង។ ប៉ូលិសបារាំងបានបញ្ជាក់ថា ពីឡុតឧទ្ធម្ភាគចក្រ និងជំនួយការម្នាក់ទៀត ត្រូវបានខ្មាន់កាំភ្លើងចាប់ជម្រិត រួចបង្ខំឲ្យធ្វើការហោះហើរ ប៉ុន្តែក្រោយមកក៏ត្រូវបានខ្មាន់កាំភ្លើងដោះលែងវិញ ដោយពុំបានរងរបួសអ្វីឡើយ។
គួរបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលទណ្ឌិត Redoine Faid បានហែកគុករត់ចេញពីពន្ធនាគារ ដោយកាលពីលើកទី ១ នោះគឺបានកើតឡើងនៅឆ្នាំ២០១៣ ដោយជនរូបនេះបានរត់គេចអស់រយៈពេល ០៦សប្តាហ៍ ទើបប៉ូលិសបារាំង អាចក្របួចយកមកញាត់គុកវិញបាន។ ជនរូបនេះត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ ២៥ឆ្នាំ ពីបទប្រព្រឹត្តអំពើប្លន់ និងឈានដល់ការសម្លាប់ជីវិតបូលិសម្នាក់កាលពីឆ្នាំ២០១០។ បច្ចុប្បន្ននេះ ប៉ូលិសបារាំងកំពុងតែធ្វើការស៊ើបអង្កេតរក Redoine និងបក្ខពួកដើម្បីយកមកផ្តន្ទាទោសឡើងវិញ៕