(អ៊ីស្រាអែល)៖ កងកម្លាំងការពារជាតិអ៊ីស្រាអែលបានប្រកាសថា ខ្លួនកំពុងបង្កើនកម្លាំងទ័ពនៅក្បែរតំបន់ព្រំដែន ហ្គោឡេន ហេច (Golan Height) ដែលជាប់ជាមួយប្រទេសស៊ីរី តាមរយៈការដាក់ពង្រាយបន្ថែមនូវកាំភ្លើងធំ និងរថក្រោះយ៉ាងច្រើនសន្ធឹកសន្ធាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។
យ៉ាងណាមិញ យោធាអ៊ីស្រាអែលបានបញ្ជាក់ដូច្នេះថា ទន្ទឹមនឹងនេះខ្លួននឹងគោរពប្រតិបត្តិតាមគោលការណ៍ មិនលូកដៃអន្តរាគមន៍ នៅក្នុងជម្លោះស៊ីរីនោះឡើយ។ ការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការបង្កើតកម្លាំងការពារជាតិរបស់ខ្លួននៅក្នុងតំបន់ ត្រូវបានធ្វើឡើងបន្ទាប់ពីកងទ័ពស៊ីរី បានបង្កើនការប្រយុទ្ធប្រឆាំង នឹងក្រុមសកម្មប្រយុទ្ធ ដែលប្រព្រឹត្តទៅនៅក្បែរព្រំដែនជាមួយហ្សកដានី និងអ៊ីស្រាអែល។
គួរជម្រាបថា រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល ក៏បានបញ្ជាក់ផងដែរថា ប្រទេសរបស់លោក នឹងមិនបើកទទួលជនភៀសខ្លួន ពីតំបន់ជម្លោះនៅស៊ីរីឡើយ ប៉ុន្តែលោកបានបង្ហាញការត្រៀមលក្ខណៈ ដើម្បីផ្តល់ជំនួយមនុស្សធម៌ តាមដែលអាចធ្វើទៅបានដល់ជនទាំងនោះ៕