(ម៉ិចស៊ីកូ)៖ ទីបំផុត​យោង​តាម​​លទ្ធ​ផល​បឋម​ភ្លាមៗ​ ​ក្រោយការ​បោះឆ្នោត​បានបង្ហាញឲ្យ​ឃើញថា លោក ឡូប៉េស អូប្រាដ័រ (Lopez Obrador) ដែលជា​អ្នកនយោ​បាយឆ្វេង​និយម បានទទួលជ័យ​ជម្នះជាមួយសំឡេង​គាំទ្រជាង ៥០ភាគរយ នៅក្នុងការបោះ​ឆ្នោតថ្នាក់ជាតិ​ដ៏ធំជាងគេបំផុត ក្នុងប្រវត្តិសាស្រ្ត​​នៅប្រទេស​ម៉ិចស៊ីកូ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹក​ថ្ងៃចន្ទ ទី០២ ខែមិថុនា ឆ្នាំ២០១៨។

សម្រាប់​លោក ចូស អាន់តូនីញ៉ូ មែអែដ (Jose Antonio Meade) ដែលជាបេក្ខភាព​មកពីគណបក្សកាន់​អំណាច​និយមកណ្តាល PRI បាន​ប្រកាសចុះ​ចាញ់ភ្លាមៗ​​ បន្ទាប់​ពី​ការបោះឆ្នោត​បានបិទ​បញ្ចប់ ហើយទទួល​ស្គាល់ថា ជ័យជម្នះនឹងបាន​ទៅលើ​លោក អាន់ឌ្រែស ម៉ានូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) វ័យ ៦៤ឆ្នាំ ដែលជា​អតីតអភិបាល​ក្រុងម៉ិចស៊ី​កូ-ស៊ីធី។ ចំណែកឯ​បេក្ខភាពដទៃៗ​ទៀត ក៏បានប្រកាស​ចុះចាញ់​ដូចគ្នាដែរ។

គួរជម្រាបថា លោក Lopez Obrador នឹងក្លាយជា​ប្រធានាធិបតីបន្ត​ពីលោក អ៊ែនរីក ផេណា នៀតូ ( Enrique Pena Nieto) ដែលចប់អាណត្តិ ហើយក្នុងឱកាស​នេះ​​​លោក Nieto ផ្ទាល់ ​ព្រមទាំង​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ ដែលជាអ្នកជិត​ខាងនឹងគ្នា ក៏បានចូលរួម​ផ្ញើសារអបអរសាទរ​ផងដែរ៕