(បាងកក)៖ សម្រាប់ស្ថានការណ៍វិវឌ្ឍន៍ នៃប្រតិបត្តិការរុករកមនុស្សទាំង ១៣នាក់ នៅភាគខាងជើងប្រទេសថៃ ក្រុមអាជ្ញាធរថៃបាននិងកំពុងបញ្ចូលខ្យល់ដាក់ក្នុងបំពង់អុកស៊ីសែនប្រមាណ ៧៦៦បំពង់ ហើយ ចាប់តាំងតែពីយប់ថ្ងៃអាទិត្យមក ដើម្បីបញ្ជូនពួកវាទៅកាន់ល្អាងទីបីនៃរូងភ្នំ ថាំលួង (Tham Luang) ក្នុងស្រុកម៉ៃសៃ នៃខេត្តឈៀងរ៉ាយ សម្រាប់ឲ្យក្រុមអ្នកមុជទឹកប្រើប្រាស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ The Nation នៅព្រឹកថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។
បើតាមការឲ្យដឹងតាមរយៈទំព័រ Facebook របស់កងកម្លាំងជើងទឹកថៃ ក្រុមអាជ្ញាធរថៃបានចាប់ផ្តើមបញ្ចូលខ្យល់ ដាក់ក្នុងបំពង់ផ្គត់ផ្គង់អុកស៊ីសែនចំនួន ៣៥១បំពង់ថ្មី ដែលត្រូវបានបញ្ជូនទៅកាន់ទីនោះ ដោយមានការជួយពីមហាជនថៃទាំងឡាយ។ ដោយបូកជាមួយបំពង់អុកស៊ីសែនចំនួន ៤១៥បំពង់ ដែលមានស្រាប់ បំពង់អុកស៊ីសែនសរុបទាំងអស់ ៧៦៦បំពង់ នឹងត្រូវបានបំពេញខ្យល់ ហើយកិច្ចការនេះនឹងត្រូវចំណាយពេល ១២ម៉ោង។
គួរជម្រាបថា បំពង់អុកសែនទាំងនេះ ក្រោយមកទៀតនឹងត្រូវបានបញ្ជូលទៅកាន់កំណាត់ល្អាងទីបី នៃរូងភ្នំដ៏ជ្រៅខាងលើនេះ ដើម្បីឲ្យក្រុមអ្នកជំនាញមុជទឹកប្រើប្រាស់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីធ្វើដំណើរទៅដល់ច្រកបំបែកមួយ ដែលជាកន្លែងក្មេងៗទាំង ១២នាក់ ព្រមទាំងគ្រូបង្វិកបាល់ទាត់របស់ពួកគេម្នាក់ ដែលត្រូវគេជឿជាក់ថា បានជាប់គាំងនៅទីនោះ តាំងតែពីថ្ងៃទី២៣ ខែមិថុនាមកម្ល៉េះ។
មកទល់នឹងព្រឹកថ្ងៃចន្ទ ដែលជាថ្ងៃទី ៩ នៃការជាប់ខ្លួនរបស់មនុស្សទាំង ១៣នាក់ នៅក្នុងរូងភ្នំនោះ មិនទាន់មាននរណាហ៊ានអះអាងជាផ្លូវការឡើយថា ពួកគេនៅរស់ឬយ៉ាងណា ខណៈក្រុមសង្គ្រោះបានចូលទៅដល់ជិតទីចុងបំផុតនៃរូងភ្នំទៅហើយ ដោយពួកគេជឿជាក់ថា ក្រុមមនុស្សទាំង១៣នាក់ ប្រហែលជាព្យាយាមរុលចូលទៅកាន់តែជ្រៅទៅក្នុងរូងភ្នំ ថាំលួង ដើម្បីស្វែងរកច្រកចេញ និងគេចពីទឹកជំនន់៕