(អាមេរិក)៖ នៅពេលបញ្ជូន​ទៅកាន់​ទីអវកាស កែវយឺត James Webb នឹងក្លាយជា​កែវយឺតអវកាស​​ទំនើប និងមានខ្លាំងជាងគេ​បង្អស់​ហើយ ​ក្នុងនាមជាកែវយឺតជំនាន់ក្រោយ បន្តពី​កែវយឺត Hubble, Spitzer, និង Kepler James Webb នឹងប្រើប្រាស់​ឈុតឧបករណ៍​ទំនើបៗរបស់វា​ធ្វើ​ការសិក្សាស្រាវជ្រាវ​ទៅលើអំឡុងពេលដំបូងៗ​ នៃការកកើតចក្រវាឡ, ទៅលើប្រព័ន្ធ​ព្រះអាទិត្យ, និងជួយចាត់ថ្នាក់ភព​អេលៀន​នៅក្រៅ​​​ប្រព័ន្ធព្រះអាទិត្យ​ជាដើម។

ប៉ុន្តែអ្វីដែល​សំខាន់នោះគឺថា កែវយឺតអវកាស James Webb បានឆ្លងកាត់ការ​ពន្យារពេលជាច្រើនលើក​ច្រើនសា ហើយនាពេលនេះកាល​បរិច្ឆេទនៃការ​ចេញបេសកកម្ម​ដ៏នេះ ត្រូវបានលើកទៅដល់​ប៉ុន្មានឆ្នាំខាងមុខទៀតឯណោះ ប៉ុន្តែវាក៏អាចចាត់ទុកថា ជាដំណឹងល្អមួយដែរ​ ដែលគម្រោង​អភិវឌ្ឍន៍កែវយឺតអវកាស​ ប្រកបដោយ​មហិច្ឆតានេះ នៅតែមិនត្រូវ​បានបោះ​បង់ចោល ទោះបីជាមានឧបសគ្គ​ច្រើនបែប​ណា​ក្តី​។

នាពេលថ្មីៗនេះ ក្រោយការវិភាគ និងវាយតម្លៃទៅលើវឌ្ឍនភាព​នៃគម្រោង James Webb ទីភ្នាក់ងារ​អវកាស NASA បានសម្រេច​ជាថា ការងារ​ទៅលើកែវយឺតវកាស​នេះ គួរតែបន្ត​ទៅមុខ ប៉ុន្តែកាលបរិច្ឆេទ​នៃការបាញ់បង្ហោះ​របស់វា ត្រូវបានលើក​ទៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១។​ ការពន្យារពេល​សាជាថ្មីម្តង​ទៀតនេះ ត្រូវបាន​អង្គការ NASA អះអាងថា បណ្តាលមក​ពីកត្តា​ជាច្រើន រួមមានបញ្ហា​ប្រឈមផ្នែក​បច្ចេកទេស​ ​ព្រមទាំងកិច្ចការ​ផ្សេងៗ ដែលត្រូវ​ដោះស្រាយ មុនពេលបេសកកម្ម​អាច​ចាប់ផ្តើម​បានជាដើម។

គួរជម្រាបថា កាលបរិច្ឆេទ​ដំបូងបំផុតដែល NASA ប្រុងនឹងបាញ់បង្ហោះ​កែវយឺត James Webb ឡើងទៅកាន់​ទីអវកាស គឺនៅ​ខែតុលា ឆ្នាំ២០១៨ ប៉ុន្តែក្រោយមក​ត្រូវបានលើកទៅ​អំឡុងដើមឆ្នាំ២០១៩ រួចហើយក៏ពន្យារទៅដល់ខែឧសភា ឆ្នាំ២០២០ និងចុងក្រោយ​បំផុតនេះ​​ គឺនៅចុងខែមីនា ឆ្នាំ២០២១៕