(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក លោក ចន បូលតុន (John Bolton) បាននិយាយថា រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មាន​ផែនការ​​លុបបំបាត់អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង​ យ៉ាងយូរក្នុងរយៈពេលមួយឆ្នាំ។ ប៉ុន្តែទីក្រុង​ព្យុងយ៉ាងធ្លាប់អះអាងថា ការរំសាយអាវុធនុយក្លេអ៊ែរ​នៅលើ​ឧបទ្វីបកូរ៉េ ត្រូវតែធ្វើតាម​សម្រួលគ្មានការបង្ខិតបង្ខំ​ជាដាច់​ខាត។ នេះបើតាមការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។

លោក John Bolton បង្ហើបពីគំរោងនេះ​ នៅក្នុងបទសម្ភាសន៍​ជាមួយស្ថានីយ​ទូរទស្សន៍ អាមេរិក CBS កាលពី​ថ្ងៃអាទិត្យ។ លោក Bolton បានលើក​ឡើងនាឱកាសនោះ​យ៉ាងដូច្នេះថា «យើងបាន​បង្កើតកម្មវិធី​មួយ ហើយខ្ញុំជឿ​ជាក់ថា រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងពិភាក្សាជា​មួយក្រុមមន្ត្រី​ជាន់ខ្ពស់​កូរ៉េខាងជើង ក្នុង​ពេលឆាប់ៗខាងមុននេះ ដើម្បីសម្រេចថា តើត្រូវធ្វើដូចម្ដេចដើម្បី​រំសាយអាវុធ​នុយក្លេអ៊ែរ និង​មីស៊ីលឆ្លងទ្វីប​របស់​កូរ៉េខាងជើង ក្នុងរយៈពេល​មួយឆ្នាំ»

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក កើតមានឡើងបន្ទាប់​ពីមានសេចក្ដី​រាយការណ៍ថា លោក Mike Pompeo នឹងបំពេញដំណើរ​ទស្សនកិច្ច ទៅ​កាន់ទីក្រុងព្យុងយ៉ាង​ជាថ្មីម្ដងទៀត​ក្នុងពេលឆាប់ៗ​នេះ ក្នុងគោលបំណង​ពិភាក្សា ពីសំណុំរឿង​នុយក្លេអ៊ែរជា​មួយ​កូរ៉េខាងជើង៕