(តូក្យូ)៖ ព្រះរាជកិច្ចនានាដែលត្រូវបំពេញនោះ ត្រូវបានលុបចោលសិនហើយ ខណៈព្រះរាជសុខភាពរបស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ (Akihito) កាន់តែទ្រុឌទ្រោម ដោយក្រុមគ្រូពេទ្យបានបញ្ជាក់ថា ព្រះអង្គកំពុងតែទទួលរងអការៈវិលមុខ និងមានចរន្តលំហូរឈាម ចូលក្នុងខួរក្បាលមិនប្រក្រតី។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពី Reuters នៅព្រឹកថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។
ព្រះចៅអធិរាជមានព្រះជន្មាយុ ៨៤ព្រះវស្សាទៅហើយ ដោយទ្រង់ត្រូវបានរាជរដ្ឋាភិបាលជប៉ុនរៀបចំឲ្យដាក់រាជ្យតាមព្រះរាជបំណង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដោយសារតែព្រះរាជសុខភាពរបស់ទ្រង់កាន់តែទ្រុឌទ្រោម និងមិនអាចបំពេញព្រះរាជកិច្ចនានាជាប្រចាំ បន្តទៅទៀតបាននោះឡើយ។
ព្រះចៅអធិរាជ Akihito ដែលធ្លាប់បានឆ្លងកាត់ការវះកាត់បេះដូង និងទទួលការព្យាបាលជំងឺមហារីកថែមទៀតនោះ បានមានបន្ទូលនៅក្នុងឱកាសថ្លែងសារដ៏កម្រមួយកាលពីឆ្នាំ២០១៦ថា ព្រះអង្គមានព្រះទ័យព្រួយកង្វល់ជាខ្លាំងថា បញ្ហាព្រះជន្មប្រហែលជាអាចធ្វើឲ្យទ្រង់ជួបការលំបាក ក្នុងការបំពេញព្រះរាជកិច្ចនានា។
គួររំលឹកថា កាលពីខែមិថុនា ឆ្នាំ២០១៧ ច្បាប់មួយត្រូវបានអនុម័ត ដើម្បីផ្តល់ការអនុញ្ញាតឲ្យព្រះចៅអធិរាជ Akihito អាចដាក់រាជ្យបាន ក៏ប៉ុន្តែកាលនោះមិនទាន់មានការសម្រេច អំពីកាលបរិច្ឆេទកំណត់ច្បាស់លាស់នៅឡើយទេ។ ម៉្យាងវិញទៀត ការដាក់រាជ្យរបស់ទ្រង់ នឹងក្លាយជាលើកទី ១ ក្នុងប្រវត្តិសាស្រ្តនៃព្រះចៅអធិរាជជប៉ុន នៅអំឡុងពេលប្រមាណជា០២សតវត្សរ៍ចុងក្រោយនេះ។ បន្ទាប់ពីការដាក់រាជ្យ ព្រះបុត្រាច្បងរបស់ទ្រង់ Akihito គឺព្រះអង្គម្ចាស់ ណារូហីតុ (Naruhito) នឹងឡើងគ្រងរាជ្យបន្តពីទ្រង់៕