សញ្ញាមិនស្រួល! អ៊ីរ៉ង់ចោទថា «អាមេរិកបញ្ជូននាវាដឹកសារធាតុគីមី កាងដោយនាវាពិឃាត ឆ្លងកាត់ឈូងសមុទ្រពែក»
02-07-2018 09:18
(ម៉ូស្គូ)៖ សារព័ត៌មានអ៊ីរ៉ង់ មែរ (Mehr) បានរាយការណ៍ថា នាវាដឹកជញ្ជូនអាមេរិកផ្ទុកសារធាតុគីមី អមដំណើរដោយនាវាពិឃាត មួយគ្រឿងបានធ្វើដំណើរទៅដល់ឈូងសមុទ្រពែកហើយ មុនឆ្ពោះទៅប្រទេសស៊ីរី និងអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។
សារព័ត៌មានអ៊ីរ៉ង់ Mehr តាមរយៈការស្រង់ប្រភពពីឧត្ដមសេនីយ៍អ៊ីរ៉ង់ លោក អាបូលហ្វាស ហ្សេកាជី (Abolfazl Shekarchi) កាលពីថ្ងៃអាទិត្យបានឱ្យដឹងថា នាវាដឹកជញ្ជូនអាមេរិក MV ខេបរ៉េយ (MV Cape Ray) ដែលមានផ្ទុកទៅដោយសារធាតុគីមី បានធ្វើដំណើរចូលមកកាន់ឈូងសមុទ្រពែកនាពេលថ្មីៗនេះ ដោយមាននាវាពិឃាតអាមេរិកមួយគ្រឿង ជាអ្នកកាងនៅពីក្រោយ។ លើសពីនេះទៅទៀត លោក Shekarchi ក៏បានអះអាងដែរថា នៅលើនាវា MV Cape Ray មានផ្ទុកសារធាតុគីមី ដែលនឹងត្រូវបានគេប្រើប្រាស់ក្នុងសកម្មភាពដ៏គ្រោះថ្នាក់ នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។
គួរបញ្ជាក់ថា បើតាមលោក Abolfazl Shekarchi នាវដឹកជញ្ជូនអាមេរិកខាងលើ កំពុងស្ថិតនៅឯឈូងសមុទ្រក្បែរប្រទេសស៊ីរី និងអ៊ីរ៉ាក់ជាទីដែលសហរដ្ឋអាមេរិកបានបាញ់មីស៊ីលរាប់សិបគ្រាប់លើមូលដ្ឋានទ័ពស៊ីរី ដោយចោទថា ទីក្រុងដាម៉ាស់បានប្រើប្រាស់អាវុធគីមីប្រឆាំងនឹងជនស៊ីវិល។ ប៉ុន្តែខាងមន្ទីរបញ្ចកោណ មិនទាន់ធ្វើការអត្ថធិប្បាយ ចំពោះការលើកឡើងរបស់អ៊ីរ៉ង់នៅឡើយទេ៕