(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ លោក ហសត៍ ស៊ីហូហ្វឺ (Horst Seehofer) បានសម្រេចចិត្ត​លាលែងពី​តំណែងហើយ ដោយសារតែមិនពេញ​ចិត្តជាខ្លាំងចំពោះ​គោលនយោបាយ​ដោះស្រាយបញ្ហា​ជនអន្តោប្រវេសន៍​ របស់អធិការបតី​អាល្លឺម៉ង់ លោកស្រី អាន់ជែឡា មឺគែល។ នេះបើតាម​ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងស្រុកដក​ស្រង់ដោយ​សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។

លោក Horst Seehofer ជាប្រធានគណបក្ស CSU ដែលជាដៃគូ​គណបក្សចំរុះ​នយោបាយដ៏សំខាន់​របស់លោកស្រី មឺគែល បាន សម្ដែងការខឹង​សម្បារយ៉ាងខ្លាំង ក្នុងមួយរយៈពេល​ចុងក្រោយនេះ​ ទៅនឹងគោលនយោបាយ​អន្តោប្រវេសន៍។ ជាក់ស្ដែង​កាលពី​សប្ដាហ៍មុន លោក Seehofer បានព្រមាន​បណ្ដេញជនអន្តោប្រវេសន៍​ ចេញឱ្យឆ្ងាយពី​ព្រំដែន​អាល្លឺម៉ង់ រហូតទាល់​តែលោកស្រី មឺគែល ឈានដល់​ការទទួល​យកកិច្ច​ព្រមព្រៀងណាមួយ ជា​មួយបណ្ដាប្រទេស​ជាសមាជិកសហភាព​អឺរ៉ុបដទៃ​ទៀត។

គួរបញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ គណបក្ស CDU របស់លោកស្រី មឺគែល បានអនុម័តលើដំណោះស្រាយមួយ​ ស្ដីពីជនអន្តោប្រវេសន៍ដោយជឿជាក់​ថា វាជាដំណោះស្រាយ​ចំាបាច់បំផុត​ សម្រាប់សហភាពអឺរ៉ុប។ ប៉ុន្តែក្រោយការ​អនុម័តនេះ សារព័ត៌មាន​នៅក្នុងស្រុក​ជាច្រើនបាន​រាយការណ៍ថា លោក Horst Seehofer បានប្រកាសពី​បំណងលាលែងពី​តំណែង ជាប្រធានគណបក្ស CSU និងជារដ្ឋមន្ត្រី​មហាផ្ទៃ​អាល្លឺម៉ង់៕