(បរទេស)៖ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គម Twitter បាននាំគ្នាបញ្ចេញយោបល់យ៉ាងផុលផុស ក្រោយក្រុមជម្រើសជាតិ អាហ្សង់ទីន និងព័រទុយហ្កាល់ ធ្លាក់ចេញពីព្រឹតិ្តការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup ត្រឹមវគ្គ១៦ក្រុមចុងក្រោយកាលពី យប់មិញនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik​ នៅថ្ងៃអាទិត្យ ទី០១ ខែកក្កដា ឆ្នាំ២០១៨។

ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្កាយ បានយកឈ្នះព័រទុយហ្កាល់ ២ទល់នឹង១ ដោយការស៊ុតបញ្ចូលទីពីរគ្រាប់តែម្នាក់ឯងរបស់ខ្សែប្រយុទ្ធ ក្រុមអ្នកមានបារំាង Paris Saint-Germain កីឡាករ Edinson Cavani ស្របពេល បារាំងទម្លាក់អាហ្សង់ទីនក្នុងលទ្ធផល៤ទល់នឹង ៣។ ប៉ុន្តែគ្រាន់តែបញ្ចប់ការប្រកួតបញ្ចប់ភ្លាមៗ អ្នកគាំទ្របាល់ទាត់នៅទូទាំងពិភពលោកបាននាំគ្នាបញ្ចេញយោបល់យ៉ាងផុលផុល លាយឡំជាមួយពាក្យឌឺដងថា កីឡាករ Lionel Messi និង Cristiano Ronaldo នឹងជួបគ្នានៅឯអាកាសយានដ្ឋាន នៅថ្ងៃអាទិត្យ នេះ ដើម្បីដឹកនាំក្រុមជម្រើសជាតិត្រឡប់ទៅផ្ទះរៀងៗខ្លួន។

បន្ថែមពីលើនេះ អ្នកលេង Twitter​ ខ្លះទៀតថែមទាំងបង្ហោះសារនៅលើ Twitter ថាដោយសារតែ Ronaldo​ ច្រណែននឹង Messi ត្រឡប់ទៅផ្ទះមុន ទើប Ronaldo ចង់ទៅផ្ទះតាមដែរ។ តែទោះជាយ៉ាងនេះក្ដី ក្រុមអ្នកគាំទ្រខ្លះនៅតែបង្ហាញគាំទ្រចំពោះដល់កីឡា ករទាំងពីរ បើទោះជាពួកគេមិនបានទស្សនាការប្រកួតរវាង Lionel Messi និង Cristiano Ronaldo នៅវគ្គបន្តក៏ដោយ៕ ​