(ញូយ៉ក)៖ ក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងញូយ៉ក ដើម្បីធ្វើបាតុកម្មតវ៉ាប្រឆាំងជំទាស់នឹងគោលនយោបាយ
អន្តោប្រវេសន៍នៃរដ្ឋបាលលោកដូណាល់ ត្រាំ ដែលបានបំបែកបំបាក់កុមារជាច្រើនពាន់នាក់ចេញពីឪពុកម្ដាយរបស់ពួកគេនៅឯតំបន់ ព្រំដែនអាមេរិក-មិចស៊ីកូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០១ ខែកក្កដា ឆ្នាំ២០១៨។
មនុស្សទាំងចាស់ ក្មេង ប្រុសស្រី បាននាំគ្នាគ្នាដើរជារក្បួនដង្ហែរស្រែកតវ៉ាទាមទារឱ្យរដ្ឋបាល លោក ត្រាំ បិទបញ្ចប់គោលនយោ បាយអន្តោប្រវេសន៍គ្មានការលើកលែង ដែលបានបំបែកបំបាក់កុមារជាង ២,៣០០នាក់ ពីឪពុកម្ដាយរបស់ពួកគេ ក្រោមហេតុផល ឆ្លងព្រំដែនមិចស៊ីកូចូលមកកាន់សហរដ្ឋអាមេរិក ដោយខុសច្បាប់។ បន្ថែមពីលើនេះ ក្រុមបាតុករក៏បានទាមទារឱ្យមានការបញ្ចប់ការ ឃុំខ្លួនគ្រួសារអន្តោប្រវេសន៍ ព្រមទាំងអនុញ្ញាតឱ្យពួកគេជួបជុំគ្រួសារឡើងវិញ ខណៈក្រុមអង្គការសិទ្ធិមនុស្សបានរិះគន់យ៉ាងខ្លំាង ចំពោះគោលនយោបាយមួយនេះថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
គួររំលឹកថា បើទោះជា លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាមួយលើបទបញ្ជាបិទបញ្ចប់គោលនយោបាយអន្តោប្រវេសន៍បំបែក កុមារចេញឪពុកម្ដាយក៏ដោយ ប៉ុន្តែក្រុមបាតុករនៅតែអះអាងថាកុមារភាគច្រើន មិនទាន់ជួបជុំគ្រួសារឡើងវិញនៅឡើយទេ។ បាតុ តវ៉ា កាលពីថ្ងៃសៅរ៍ (ម៉ោងនៅអាមេរិក) ក៏ត្រូវបានធ្វើឡើងផងដែរនៅទីក្រុងឡូស អាន់ជែលឡែស រដ្ឋកាលីហ្វ័រញ៉ាផងដែរ៕