(មូស្គ)៖ កាសែតអាមេរិក Washington Post បានរាយការណ៍ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជម្រុញឱ្យបារាំង ដកខ្លួនចេញពីសហភាពអឺរ៉ុបតាមចក្រភពអង់គ្លេស នៅក្នុងជំនួបជាមួយប្រធានាធិបតីបារំាង លោក អែមម៉ានុយអ៊ែល ម៉ាក្រុង កាលពីខែមេសាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០១ ខែកក្កដា ឆ្នាំ២០១៨។
យោងតាម Washington Post ក្រុមមន្ត្រីអឺរ៉ុបជាច្រើននាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថានៅក្នុងជំនួបជាមួយ លោកម៉ាក្រុង កាលពីថ្ងៃទី២៤ ខែមេសា នៅឯសេតវិមាន លោកត្រាំ បានសួរប្រធានាធិបតីបារាំងរូបនេះត្រង់ៗថាហេតុអ្វីបានជា ទីក្រុងប៉ារីសមិនចាកចេញពីសហភាពអឺរ៉ុប ដោយលោកថែមទាំងសន្យាដែរថាសហរដ្ឋអាមេរិកនឹងផ្ដល់កិច្ចព្រមព្រៀងដ៏ល្អជាង សហភាពអឺរ៉ុប ដែលលោកត្រាំផ្ទាល់យល់ថាពិបាករកស៊ីជាមួយជាងចិនទៅទៀត។
គួរបញ្ជាក់ថា បើតាមកាសែតអាមេរិកដដែល នៅពេលត្រូវបានសាកសួពីការអះអាងរបស់ លោក ដូណាល់ ត្រាំ លោក ម៉ាក្រុង បានត្រឹមតែអះអាងថាអ្វីដែលអ្នកទាំងពីរបាននិយាយគឺនិយាយនៅក្នុងបន្ទប់។ ប៉ុន្តែការលេចធ្លាយព័ត៌មាននេះ កើតមានឡើងនៅ ចំពេលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយគ្នា ដោយសារតែការតម្លើងពន្ធនាំចូលលើដែកថែប និងអាលុយមីញ៉ូមរបស់លោក ដូណាល់ ត្រាំ៕