(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យអារ៉ាប៊ីសាអូឌីតបង្កើនការផលិតប្រេងរបស់ខ្លួនដើម្បីទប់ទល់ នឹងការឡើងថ្លៃប្រេងឥន្ធនៈសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០១ ខែកក្កដា ឆ្នាំ២០១៨។
ការស្នើខាងលើរបស់លោក ត្រាំ ធ្វើឡើងនៅក្នុងសារមួយបង្ហោះនៅលើ Twitter កាលពីថ្ងៃសៅរ៍ ដោយលោកក៏បានជម្រុញផងដែរ ឱ្យព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman បង្កើនការផលិតប្រេងរបស់ខ្លួនយ៉ាងហោចណាស់២លានបារ៉ែលក្នុងមួយថ្ងៃ។ ប្រធានា ធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖«ខ្ញុំបាននិយាយជាមួយព្រះមហាក្សត្រ Salman និងពន្យល់ទ្រង់ថាដោយសារតែ ភាពចលាចល និងការជាប់គាំងនៅក្នុងប្រទេសអ៊ីរ៉ង់ និងវេណេស៊ុយអេឡា ខ្ញុំស្នើឱ្យអារ៉ាប៊ីសាអូឌីត បង្កើនការផលិតប្រេងឱ្យបាន ២លានបារ៉ែល ក្នុងមួយថ្ងៃ...ហើយទ្រង់ក៏បានយល់ព្រមដែរ»។
តែយ៉ាងក៏ដោយ អារ៉ាប៊ីសាអូឌីត មិនទាន់ទទួលស្គាល់ថាទីក្រុងរីយ៉ាដ នឹងបង្កើនការផលិតប្រេងឱ្យបាន២លានបារ៉ែលក្នុងមួយថ្ងៃ តាមសំណើរបស់លោកត្រាំ ដែរឬយ៉ាងណានៅឡើយទេ ខណៈតម្លៃប្រេងបានឡើងថ្លៃកាលពីសប្ដាហ៍មុនដោយសារតែគំរោងដាក់ ទណ្ឌកម្មជាថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាប្រទេសផលិតប្រេងមួយដ៏ធំ៕