(ប៉េកាំង)៖ មហាអំណាចសេដ្ឋកិច្ចទីពីរលើលោក កំពុងស្ថិតលើដងផ្លូវឆ្ពោះទៅកាន់ការអភិវឌ្ឍខ្លួន ឲ្យក្លាយជាប្រទេសកំពូលមួយនៅក្នុងវិស័យអវកាស ខណៈទាំងបច្ចេកវិទ្យា និងភាពញឹកញាប់នៃការបាញ់បង្ហោះផ្កាយរណប របស់មហាយក្សនៅអាស៊ីមួយនេះ កំពុងរីកចម្រើនទៅមុខក្នុងកម្រិតឆាប់រហ័ស ដែលគួរជាទីកត់សម្គាល់ជាខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨។
ចិនបានក្លាយជាប្រទេសទី ៥ លើពិភពលោក ដែលបានបញ្ជូនផ្កាយរណបទៅកាន់ទីអវកាស កាលពីឆ្នាំ១៩៧០ ខណៈមកទល់ពេលនេះ ផ្ការណបសរុបចំនួន ៤០០គ្រឿងហើយ ត្រូវបានបាញ់បង្ហោះ និងជាង២០០គ្រឿង កំពុងដំណើរនាពេលបច្ចុប្បន្ន។ ប្រភេទផ្កាយរណបយ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវបានអភិវឌ្ឍន៍ឡើងនៅប្រទេសចិន ដោយគ្របដណ្តប់ទៅលើវិស័យទំនាក់ទំនង ឧតុនិយម ការចង្អុលបង្ហាញផ្លូវ និងវិទ្យាសាស្រ្តអវកាស។
តួយ៉ាង ផ្កាយរណប BeiDou Navigation Satellite System (BDS) បច្ចុប្បន្នផ្តល់នូវសេវាទីតាំង ដែលមានភាពច្បាស់លាស់កម្រិតខ្ពស់ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយផ្កាយរណប BDS ចំនួន ១៨គ្រឿង នឹងត្រូវបានបង្ហោះថែមទៀតនាឆ្នាំនេះ។ សម្រាប់ប្រភេទ Fengyun ជាផ្កាយរណបបម្រើវិស័យឧតុនិយមរបស់ចិន បច្ចុប្បននកំពុងផ្តល់ទិន្នន័យ និងសេវាដល់ប្រទេសព្រមទាំងតំបន់ជាង ៨០ រួមជាមួយអតិថិជនក្នុងស្រុកប្រមាណ ២,៥០០ផងដែរ។ បន្ថែមពីនេះ វាក៏ផ្តល់សេវាដោយឥតគិតថ្លៃ ដល់ប្រទេសក្នុងកិច្ចផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ព្រមទាំងសមាជិក នៃអង្គការកិច្ចសហប្រតិបត្តិការអវកាសអាស៊ី-ប៉ាស៊ីហ្វិក ថែមទៀតផង។
ចាប់តាំងពីឆ្នាំ២០១០ ចិនបានខិតខំឥតឈប់ឈរ ក្នុងការបង្កើនចំនួននិងភាពញឹកញាប់ នៃការបង្ហោះផ្កាយរណបរបស់ខ្លួន។ បើគិតជាទូទៅក្នុងមួយឆ្នាំៗ ផ្កាយរណបប្រហែល ២០គ្រឿង ត្រូវបានបាញ់បង្ហោះដោយប្រទេសចិន។
ផ្កាយរណប Dongfanghong-4 គឺជាចំណុចដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្ត នៃការអភិវឌ្ឍផ្កាយរណបរបស់ប្រទេសចិន។ នៅពេលដែលចិនកំពុងសាងសង់ផ្កាយរណបទំនាក់ទំនងខ្នាតធំនេះ កាលពីឆ្នាំ១៩៩៩ មានការដាក់សំណើជាច្រើន ដើម្បីទិញបច្ចេកវិទ្យាពីបរទេស ប៉ុន្តែបច្ចេកវិទ្យាទំនើបៗ ពុំមែនមានលុយអាចទិញបាននោះឡើយ។ ដូច្នេះហើយ ក្រុមអ្នកវិទ្យាសាស្រ្តចិន ក៏បានខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីបង្កើតគំនិតច្នៃប្រឌិត និងអភិវឌ្ឍន៍បច្ចេកវិទ្យាឯករាជ្យដោយខ្លួនឯងជាបន្តបន្ទាប់តែម្តង។
គួរជម្រាបថា ចិនស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចប៉ុណ្ណោះលើលោក ដែលមានបច្ចេកវិទ្យាទំនើបៗផ្នែកអវកាស និងបានកសាងក៏ដូចជាអភិវឌ្ឍន៍ប្រព័ន្ធអវកាសផ្សេងៗ៕