(ញូយ៉ក)៖ តារាចម្រៀងអង់គ្លេស និងជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូបមានឈ្មោះថា អ៊ែដ ហ្ស៊ារ៉ាន (Ed Sheeran) បានទទួលរងការប្តឹងទាមទារសំណង ជាទឹកប្រាក់រហូតដល់ទៅ ១០០លានដុល្លារសហរដ្ឋអាមេរិកឯណោះ ដោយសារតែបទចម្រៀងរបស់លោក ត្រូវបានគេរកឃើញថា បានចម្លងយកផ្នែកខ្លះៗនៃអាល់ប៊ុមបទចម្រៀងអាមេរិក «Let's Get It on» ដែលបានទទួលការគាំទ្រពេញទំហឹង នាអំឡុងឆ្នាំ១៩៧៣។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨។
ក្រុមហ៊ុន Structured Asset Sales LLC ដែលមានសិទ្ធិលើកម្មសិទ្ធិបញ្ហា មួយភាគបី របស់អាល់ប៊ុម Let's Get It On បានអះអាងថា បទចម្រៀងរបស់ Sheeran ដែលមានចំណងជើងថា Thinking Out Loud បានចម្លងយកផ្នែកជាច្រើន នៃបទចម្រៀងក្លាស៊ីករបស់តារាចម្រៀង ម៉ាវីន ហ្គេយ៉េ (Marvin Gaye) ដែលត្រូវបានចេញផ្សាយតាំងពីឆ្នាំ១៩៧៣ និងទទួលការគាំទ្រយ៉ាងពេញទំហឹងជាសម័យកាលនោះ។
យោងទៅតាមពាក្យបណ្តឹងនោះ ក្រុមហ៊ុន Structured Asset Sales LLC បានប្តឹងបទចម្រៀងរបស់ Sheeran ថាបានចម្លងផ្នែកជាច្រើនរួមមាន «ទំនុកភ្លេង, ស្គរ, ការប្រទាក់ចង្វាក់, tempo, ការចម្រៀងបន្ទរ (វ័រ), syncopation និង looping ពីបទចម្រៀងរបស់ Gaye»។ នេះមិនមែនជាលើកទីមួយនោះឡើយ ដែលបទចម្រៀងរបស់ Sheeran បានទទួលពាក្យបណ្តឹងអំពីការលួចចម្លងកម្មសិទ្ធិបញ្ញានេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ អ្នកគ្រប់គ្រងបទចម្រៀងរបស់អ្នកនិពន្ធចម្រៀង Edward Townsend បានប្តឹងលោក Sheeran ស្រដៀងនឹងរឿងរ៉ាវខាងលើនេះដែរ៕