(បាងកក)៖ អាចនិយាយបានថា ពេលនេះដល់ថ្នាក់ល្បីល្បាញទូទាំងពិភពលោកហើយ រឿងក្មេងៗជាកីឡាករបាល់ទាត់ចំនួន ១២នាក់ និងគ្រូបង្វឹក០១នាក់ វង្វេងបាត់នៅក្នុងរូងភ្នំថាំលួង (រូងស្តេច) នៅក្នុងខេត្តឈៀងរ៉ាយ។ កាលពីយប់មិញនេះគ្រប់គ្នា រួមទាំងថ្នាក់ដឹកនាំក្រុមជួយសង្រ្គោះ ដែលសុទ្ធសឹងជាថ្នាក់រដ្ឋមន្រ្តីបានធ្វើពិធីបួងសួងបែបសាសនាមួយ ដើម្បីសុំបើកផ្លូវទៅរកអ្នកទាំង១៣នាក់នោះ។
ពិធីកម្មតាមបែប «អាណាចក្រឡានណា» នេះដឹកនាំធ្វើដោយព្រះគ្រូបាប៊ុនឈុំ ដែលជាព្រះសង្ឃដ៏ល្បីល្បាញខាងធ្វើវិប្បសនានៅតាមរូងភ្នំ និងជាទីសក្ការៈរបស់ប្រជាពលរដ្ឋទាំងបីប្រទេសគឺថៃ ភូមា និងឡាវ។ ព្រះគ្រូបាប៊ុនឈុំបច្ចុប្បន្ននេះ កំពុងចាំវស្សានៅវត្តមួយក្នុងរដ្ឋសានប្រទេសភូមា។
ហេតុដែលគេចាំបាច់ត្រូវតែនិមន្តព្រះគ្រូមកធ្វើដោយផ្ទាល់ដូច្នេះព្រោះថាកាលពីពីរថ្ងៃមុនមានស្រ្តីម្នាក់យល់សុបិន្តថា ព្រះនាងម្ចាស់ភ្នំមកប្រាប់ថា ព្រះនាងចង់ជួបនឹងព្រះគ្រូបាប៊ុនឈុំ ព្រោះព្រះនាងបានរង់ចាំព្រះគ្រូអស់ ៣០០ឆ្នាំមកហើយ។ នៅពេលដែលព្រះនាងបានសម្រេចបំណងហើយ ព្រះនាងនឹងដោះលែងអ្នកទាំង ១៣នាក់នោះមកវិញ។
ព្រះគ្រូបាប៊ុនឈុំនេះធ្លាប់មានសង្ឃដីកាថា អតីតជាតិរបស់ព្រះអង្គគឺជាអ្នកមើលថែ និងចិញ្ចឹមសេះ ដែលស៊ីសង្វាក់គ្នាជាមួយនឹងរឿងនិទានទាក់ទងនឹងប្រវត្តិភ្នំ និងរូងភ្នំនេះ។ ក្រោយប្រារព្ធពិធីកម្មបួងសួងចប់សព្វគ្រប់ ព្រះគ្រូបាប៊ុនឈុំមានសង្ឃដីកាថា នៅវេលាពីរថ្ងៃទៀតយ៉ាងយូរនឹងរកអ្នកទាំង១៣នាក់ឃើញហើយ ហើយអ្នកទាំង ១៣នាក់ នោះមានសុវត្ថិភាពទេ។
ខាងក្រោមនេះគឺជារឿងនិទាន ទាក់ទងនឹងប្រវត្តិភ្នំមួយនេះ៖
«រឿងភ្នំនាងដេក ខេត្តឈៀងរ៉ាយ ប្រទេសថៃ»
កាលពីយូរលង់ណាស់មកហើយ មានបុត្រីរបស់ស្តេចនៃនគរឈៀងរុង (សព្វថ្ងៃខេត្តឈៀងរ៉ាយ ប្រទេសថៃ) មានរូបឆោមលោមពណ៌ល្អអស្ចារ្យ ប៉ុន្តែព្រះនាងបានទៅលង់ស្នេហ៍ ជាមួយនឹងបុរសចិញ្ចឹមសេះនៃរាជវាំង។ អ្នកទាំងពីរតែលបជួបគ្នាជារឿយៗ រហូតព្រះនាងមានផ្ទៃពោះ ធ្វើឲ្យព្រះបិតាដែលជាស្តេចនគរក្រោធខឹងយ៉ាងខ្លាំង។
អ្នកទាំងពីរក៏នាំគ្នារត់ចេញពីព្រះនគរ ដោយមានកងទ័ពរបស់ស្តេចដេញតាមរកយ៉ាងប្រកៀកប្រកិត។ ដោយសារព្រះនាងតាំងព្រះគភ៌ផងរត់មិនសូវបានលឿន ហើយស្រេកឃ្លានផងនោះ បុរសចិញ្ចឹមសេះបានឲ្យព្រះនាងសម្រាកលើទីទួលមួយ ដែលស្រួលលាក់ខ្លួន ហើយខ្លួនឯងទៅស្វែងរកទឹក និងអាហារមកឲ្យព្រះនាងជាភរិយា ហើយឲ្យនាងចាំនៅទីនោះរហូតដល់ខ្លួនត្រឡប់មកវិញ។
ព្រះនាងនៅចាំនៅទីលាក់ខ្លួនយូរទៅពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់បានដឹងថា ស្វាមីរបស់ខ្លួនត្រូវទាហានរបស់បិតាសម្លាប់ចោល ពេលទៅដើររកទឹក។ ព្រះនាងសោកសង្រេងយ៉ាងខ្លាំង ហើយក៏យកស្នៀតសក់មកចាក់សម្លាប់ខ្លួន។ ឈាមដែលហូរចេញពីផ្ទៃព្រះនាងហូរជាខ្សែចុះមក ហើយក្លាយទៅជា «ទន្លេម៉ែសាយ» ហូរកាត់ខេត្តឈៀងរ៉ាយ រីឯរាងព្រះនាងដែលដេកស្លាប់នោះ ក៏បានកើតជាភ្នំ ហើយត្រូវបានគេហៅថា ភ្នំណាងណន (ភ្នំនាងដេក) រហូតមកដល់សព្វថ្ងៃនេះ។
ព្រលឹងរបស់ព្រះនាងនៅថែរក្សាភ្នំនេះ ហើយរង់ចាំស្វាមីជានិច្ច ហើយមកដល់បច្ចុប្បន្ននេះមនុស្សម្នាជាច្រើនតែងគោរពបូជាដល់ព្រះនាង នៅពេលទៅទស្សនាភ្នំនាងដេក។
ទោះបីជាបែបនេះក្តី ខាងលើនេះគ្រាន់តែជារឿងព្រេងនិទាន និងជំនឿអរូបិយ ដែលជនជាតិថៃតែងតែជឿជាប់ជានិច្ច ប៉ុន្តែហេតុការណ៍បាត់ខ្លួនមនុស្សក្មេងៗសរុប ១៣នាក់ ខាងលើនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត និងតាមដានជាប់ជានិច្ចចូលដល់ថ្ងៃទី ៧ ទៅហើយនៃការបាត់ខ្លួន។
ហេតុដូច្នេះ សូមរង់ចាំតាមដានទាំងអស់គ្នាថា តើសង្ឃដីការបស់ព្រះគ្រូបាប៊ុនឈុំពិតជាត្រឹមត្រូវ ឬយ៉ាងណា? ព្រោះនេះជាក្តីសង្ឃឹមចុងក្រោយ និងការលើកទឹកចិត្តឲ្យក្រុមគ្រួសារសាច់ញាតិពួកគេទាំង ១៣នាក់ នៅរង់ចាំចម្លើយរហូតដល់ទីបំផុត៕