(ម៉ិចស៊ីកូ)៖ គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរភាគនិរតីនៃប្រទេសម៉ិចស៊ីកូ ប៉ុន្តែគេពុំទាន់ឃើញមានសេចក្តីរាយការណ៍ពីការបំផ្លិចបំផ្លាញ ឬក៏មនុស្សរងគ្រោះនៅឡើយទេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨។
បើតាមការឲ្យដឹងពីទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយដីបាតសមុទ្រខាងលើ បានវាយលុកនៅចម្ងាយ ៤៤គីឡូម៉ែត្រភាគនិរតី នៃទីក្រុង សាន់ ផាទ្រីស៊ីយ៉ូ (San Patricio) ក្នុងរដ្ឋ ហ្សាលីស្កូ (Jalisco) ភាគខាងលិចប្រទេសម៉ិចស៊ីកូ ជាមួយជម្រៅប៉ាន់ស្មានប្រហែល ២៤.៨គីឡូម៉ែត្រក្រោមផ្ទៃសមុទ្រ។ ម៉្យាងវិញទៀត ក៏មិនឃើញមានសារព្រមានអំពីរលកយក្សស៊ូណាមិ ដែលបង្កឡើងដោយគ្រោះធម្មជាតិនេះដែរ។
គួរជម្រាបថា ម៉ិចស៊ីកូ គឺជាប្រទេសមួយលើពិភពលោកផងដែរ ដែលនៅលើតំបន់មានសកម្មភាពរញ័រញឹកញាប់ខ្លាំងជាងគេ ហើយតែងតែបានទទួលរងគ្រោះរញ្ជួយដីកម្រិតធ្ងន់ៗ នាពេលកន្លងទៅនេះ ដោយកាលពីខែកញ្ញា ឆ្នាំ២០១៧ ហេតុការណ៍រញ្ជួយផែនដីកម្រិត ៧.៤រ៉ិចទ័របានផ្តាច់ជីវិតមនុស្សជាង ៣០០នាក់៕