(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក ត្រូវគេរាយការណ៍ថា កំពុងធ្វើការសិក្សាទៅលើផលវិបាក ដែលអាចកើតឡើងពីការដកកម្លាំងយោធារបស់ខ្លួន ចេញពីប្រទេសអាល្លឺម៉ង់។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Washington Post ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមប្រភពពីមន្រ្តីអាមេរិកដែលដឹងលឺពីបញ្ហានេះ ការសិក្សា និងវិភាគខាងលើ កំពុងស្ថិតក្រោមជម្រុញពីភាពតានតឹងកាន់តែកើនឡើង រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោកស្រី អ៊ែនជែឡា មឺគែល (Angela Merkel) ហើយវាត្រូវបានផ្តួចផ្តើមឡើង ក្រោយពីលោក ដូណាល់ ត្រាំ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការដកកងទ័ពអាមេរិក នៅក្នុងកិច្ចប្រជុំមួយជាមួយក្រុមន្រ្តីសេតវិមាន និងក្រុមមន្រ្តីការពារជាតិ។
គួរជម្រាបថា ការគិតបែបនេះរបស់លោក ត្រាំ ដោយសារតែថ្លៃចំណាយ និងទំហំនៃវត្តមានរបស់អាមេរិក ដែលរួមមានកងទ័ពឈរជើងជាទាហានសកម្មចំនួន ៣៥,០០០នាក់។ ការគិតគូរនេះ ក៏កើតមានឡើងស្របពេលដែលប្រទេសអឺរ៉ុបធំៗចំនួន ០៩ ទើបតែបានសម្រេចបង្កើតឡើងនូវកងកម្លាំងអន្តរាគមន៍រួមគ្នា ដែលត្រូវទទួលបន្ទុកការពារសន្តិសុខតំបន់អឺរ៉ុប នៅពេលមានគ្រាអាសន្នផងដែរ៕