(វ៉ាស៊ីនតោន)៖ បណ្តាស្ថាប័នស៊ើបការណ៍សម្ងាត់អាមេរិកមានការជឿជាក់ថា កូរ៉េខាងជើង បានលួចសំងំបង្កើនសង្វាក់ផលិកម្មនៃឥន្ទនៈសម្រាប់អាវុធនុយក្លេអ៊ែរនៅតាមទីតាំងសម្ងាត់ៗជាច្រើនកន្លែង ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ហើយប្រហែលជាបាន និងកំពុងព្យាយាមលាក់បាំងរឿងទាំងនេះ តាមរយៈការស្វែងរកសម្បទាននានា នៅក្នុងកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក កាលពីប៉ុន្មានសប្តាហ៍មុន។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអាមេរិក NBC ដកស្រង់ខ្លឹមសារដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨។
ការវាយតម្លៃខាងលើនេះ របស់សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ហាក់ដូចមិនស្របជាមួយទស្សនៈរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបង្ហោះសារ នៅក្រោយជំនួបកំពូលជាប្រវត្តិសាស្រ្ត កាលពីថ្ងៃទី១២ ខែមិថុនា ជាមួយប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា លែងមានការគំរាមកំហែង នៃអាវុធនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើងទៀតហើយ។
សារព័ត៌មាន NBC តាមរយៈការស្រង់សម្តីពីមន្រ្តីរដ្ឋាភិបាលអាមេរិក ដែលមិនបញ្ចេញអត្តសញ្ញាណចំនួន ០៥រូប បានរាយការណ៍ថា នាអំឡុងពេលប៉ុន្មានខែកន្លងទៅនេះ កូរ៉េខាងជើងបានបង្កើនផលិតកម្ម នៃការចម្រាញ់អ៊ុយរ៉ាញ៉ូម សម្រាប់អាវុធនុយក្លេអ៊ែរ សូម្បីតែខ្លួនបានចូលមកចរចាតាមផ្លូវការទូតជាមួយសហរដ្ឋអាមេរិកក៏ដោយក្តី។ ការវាយតម្លៃរបស់បណ្តាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានសន្និដ្ឋានទៀតថា កូរ៉េខាងជើងមានទីតាំងអភិវឌ្ឍន៍នុយក្លេអ៊ែរ សម្ងាត់ៗជាច្រើនកន្លែង បន្ថែមពីលើទីតាំងផលិតឥន្ទនៈ ដែលគេបានដឹងនៅក្រុង យ៉ុងប្យុន (Yongbyon)។
គួរជម្រាបថា យ៉ាងណាមិញទីភ្នាក់ងារចារកម្ម CIA បានបដិសេធមិនបញ្ចេញយោបល់ លើសេចក្តីរាយការណ៍របស់ NBC ឡើយ ហើយក្រសួងការបរទេសអាមេរិកក៏បានឲ្យដឹងដែរថា ខ្លួនមិនអាចបញ្ជាក់ ហើយក៏មិនធ្វើអត្ថាធិប្បាយ ទៅលើបញ្ហាការណ៍សម្ងាត់នោះដែរ។ ចំណែកសេតវិមានវិញ មិនបានឆ្លើយតប ចំពោះសំណើសុំឲ្យអត្ថាធិប្បាយលើបញ្ហានេះឡើយ៕