(ម៉ូស្គូ)៖ នាអំឡុងពេលនៃការប្រកួតវគ្គសន្សំពិន្ទុក្នុងព្រឹត្តិការណ៍ FIFA World Cup សម្រាប់ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ដែលបានបញ្ចប់ទៅហើយនោះ មនុស្សមួយចំនួនដែលរួមមានទាំងអ្នកគាំទ្រ និងអ្នកអត្ថាធិប្បាយកីឡាជាដើមបានបាត់បង់ជីវិតអាយុជីវិត ដោយសារតែធ្វើអត្តឃាត និងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរពេក។ នេះបើតាមការដកស្រង់ការផ្សាយចេញរបស់សារព័ត៌មានអន្តរជាតិនានា នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨។
នៅក្រោយពេលដែលក្រុមអាហ្សង់ទីនចាញ់ក្រូអាត កាលពីមួយសប្តាហ៍មុន អ្នកគាំទ្រវ័យ ៣០ឆ្នាំ ម្នាក់របស់ក្រុមបាល់ទាត់អាមេរិកខាងត្បូងមួយនេះ ឈ្មោះ ឌីនូ អាឡិច (Dinu Alex) នៅប្រទេសឥណ្ឌា ដោយឈឺចិត្តពេកបានសម្រេចទៅលោតចូលទន្លេ ដើម្បីសម្លាប់ខ្លួន។
លទ្ធផលនៃការប្រកួតរវាងអាហ្សង់ទីននឹងក្រូអាតនាពេលកន្លងទៅ គឺជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុតមួយ ដោយការចាញ់ ០-៣ទល់នឹងក្រូអាតនេះ គឺជាបរាជ័យដ៏ធំបំផុតសម្រាប់ក្រុមអាហ្សង់ទីននៅក្នុងប្រវត្តិសាស្រ្ត។ បើតាមសំបុត្របន្សល់ទុកដោយ លោក Alex អ្នកជឿជាក់ថា អាហ្សង់ទីននឹងអាចឡើងទៅវគ្គបន្ទាប់ ប៉ុន្តែលោកមិនអាចទ្រាំទ្រ ចំពោះការចាញ់យ៉ាងអាម៉ាស់នេះបាន។
គួរជម្រាបថា នាពេលកន្លងទៅអ្នកអត្ថាធិប្បាយបាល់ទាត់ទូរទស្សន៍អេហ្ស៊ីបម្នាក់ ក៏ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយសារគាំងបេះដូងតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ទាត់បាល់បញ្ចូលគ្រាប់ទីពីរដើម្បីផ្ដួលអេហ្ស៊ីបនៅចុងម៉ោងក្នុងព្រឹត្តិការណ៍បាល់ទាត់៕