(វ៉ាស៊ីនតោន)៖ ខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារសម្លាប់មនុស្ស ០៥នាក់ នៅឯការិយាល័យសារព័ត៌មានក្នុងក្រុង អាន់ណាផូលីស (Annapolis) នៃរដ្ឋម៉ារីឡែនដ៍ (Maryland) សហរដ្ឋអាមេរិក ត្រូវបានអាជ្ញាធរបញ្ជាក់ថាកំពុងស្ថិតក្រោមការឃុំឃាំង ដើម្បីត្រៀមខ្លួនឡើងតុលាការ ក្រោយពីត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨។
បើតាមប៉ូលិសអាមេរិក ជនរងគ្រោះខាងលើរួមមានឈ្មោះ រ៉ូប ហ៊ីយ៉ាសិន (Rob Hiaasen) អាយុ ៥៩ឆ្នាំ, ឈ្មោះ វែនឌី វីនធើស៍ (Wendi Winters) អាយុ ៦៥ឆ្នាំ, ឈ្មោះ រ៉េបេកកា ស្មីត (Rebecca Smith) អាយុ ៣៤ឆ្នាំ, ឈ្មោះ ហ្គែរ៉ាល់ដ៍ (Gerald Fischman) អាយុ ៦១ឆ្នាំ, និង ចន ម៉ាកណាម៉ារ៉ា (John McNamara) ដែលត្រូវបានជនដៃដល់បាញ់សម្លាប់។ ក្នុងចំណោមនោះលោកស្រី Smith គឺជាជំនួយការផ្នែកលក់របស់សារព័ត៌មាន កាសែតកាពីតូល (Capital Gazette) ខណៈអ្នកផ្សេងទៀត គឺជាអ្នកកាសែត។
គួរជម្រាបថា នៅតែមួយថ្ងៃប៉ុណ្ណោះក្រោយពីបុគ្គលិករបស់ខ្លួនត្រូវបានគេធ្វើឃាត សារព័ត៌មានខាងលើ បានចេញផ្សាយអត្ថបទទំព័រមុខ ដែលមានបង្ហាញរូបថតរបស់ជនរងគ្រោះម្នាក់ៗ ជាមួយចំណងជើងធំៗ។ ខណៈពេលនេះប៉ូលិស មិនបានបញ្ចេញអត្តសញ្ញាណរបស់ជនសង្ស័យដែលកំពុងស្ថិតក្រោមការឃុំឃាំងនោះទេ ប៉ុន្តែបើតាមសារព័ត៌មាន Capital Gazette ជនសង្ស័យមានឈ្មោះថា ហ្សារ៉ូដ រ៉ាម៉ូស (Jarrod Ramos) អាយុ ៣៨ឆ្នាំ ដែលធ្លាប់មានបញ្ហាវិវាទដ៏អូសបន្លាយ ជាមួយសារព័ត៌មាននេះ ជុំវិញអត្ថបទព័ត៌មានមួយកាលពីឆ្នាំ២០១១ ដែលបានអះអាងថា លោក Ramos បានបៀតបៀន និងធ្វើទុក្ខបុកម្នេញស្រ្តីម្នាក់នៅលើបណ្តាញសង្គម Facebook ហើយថា លោកបានទទួលកំហុសចំពោះរឿងនេះ៕