(បាងកក)៖ មន្ត្រីមកពីក្រសួងស្ថាប័នជាច្រើននៅប្រទេសថៃ កំពុងតែចូលរួមនៅក្នុងប្រតិបត្តិការសង្គ្រោះក្មេងៗកីឡាករទាំង ១២នាក់ និងគ្រូបង្វឹករបស់ពួកគេម្នាក់ ដែលកំពុងជាប់ខ្លួននៅក្នុងរូងភ្នំ ថាមលួង នៃខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ ខណៈឈានចូលមកដល់ថ្ងៃទី ៧ ទៅហើយ តំរុងថាពួកគេនៅមានជីវិត ឬក៏អត់នោះមិនទាន់មាននរណាអាចអះអាងបានឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨។
ប្រតិបត្តិការជួយសង្គ្រោះជាថ្មី ត្រូវបានចាប់ផ្តើមនៅវេលាម៉ោង ៧៖០០នាទីព្រឹកថ្ងៃសៅរ៍នេះតែម្តង ដោយមានមន្ត្រីប៉ូលិស ទាហាន បុគ្គលិកក្រសួង-ស្ថាប័នរដ្ឋនានា និងសមាគមអ្នកមានជំនាញខាងផ្លូវទឹក ឬរូងភ្នំនេះតែម្តង។ សម្រាប់រយៈពេលប៉ុន្មានថ្ងៃមកនេះ ស្បៀងអាហារ វត្ថុប្រើប្រាស់ និងទូរស័ព្ទដៃជាដើម ត្រូវបានរៀបចំដាក់ទៅក្នុងឡាំងជ័រធំល្មមមួយ រួចទម្លាក់ចូលទៅក្នុងចន្លោះប្រហោងនានា ទៅក្នុងរូងភ្នំដោយក្រុមអ្នកសង្គ្រោះ ដើម្បីក្មេងៗទាំងនោះអាចយកទៅទទួលទានជាបណ្តោះអាសន្ន និងទាក់ទងមកអ្នកខាងលើវិញប្រសិនបើពួកគេប្រទះឃើញ ប៉ុន្តែពុំទាន់មានសញ្ញាណាមួយចេញពីរូងភ្នំនោះឡើយ។
សម្រាប់ថ្ងៃសៅរ៍នេះ ក្រុមជំនាញ-សង្គ្រោះ នឹងព្យាយាមទម្លាក់ខ្លួនចូលទៅកាន់ប្រហោងភ្នំនានាផ្សេងទៀត ដើម្បីរកផ្លូវចូលទៅក្នុងរូងភ្នំ ខណៈភ្លៀងធ្លាក់នៅតែអាចគំរាមកំហែងប្រតិបត្តិការនេះបានគ្រប់ពេលវេលា។ ប្រតិបត្តិការនៅថ្ងៃសៅរ៍នេះ គឺត្រូវប្រើរយៈពេលយូរ និងផ្លូវវែងឆ្ងាយ ដូច្នេះសមាជិកនៃក្រុមសង្គ្រោះ បានរៀបចំចំណីអាហារ និងទឹកសុទ្ធទៅតាមខ្លួនពួកគេរួចជាស្រេចផងដែរ។
គួរបញ្ជាក់ថា ក្មេងជំទង់ ១២នាក់ ដែលជាកីឡាករបាល់ទាត់មកពីក្លឹប មូប៉ា (Mu Pa Academy) និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ម្នាក់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង តាំងតែពីថ្ងៃសៅរ៍សប្តាហ៍មុនមកម្ល៉េះ រីឯក្រុមអ្នកជួយសង្រ្គោះជឿជាក់ថា អ្នកទាំងនេះកំពុងជាប់នៅក្នុងរូងភ្នំ ថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើងនៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជារូងភ្នំ វែងជាងគេបំផុតទី០៤ របស់ថៃ។ ក្មេងទាំងនេះមានអាយុចន្លោះពី ១១ឆ្នាំ ដល់ ១៦ឆ្នាំ ហើយគ្រូបង្វឹកបាល់ទាត់របស់ពួកគេមានអាយុ ២៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា មិនអាចចាកចេញពីរូងភ្នំនេះបានឡើយ នៅមុនពេលមានទឹកជន់លិច ដោយសារតែភ្លៀងធ្លាក់ខ្លាំង ។
លើសពីនេះទៅទៀត បើតាមប្រវត្តិនៃរូបភាពរបស់ក្រុមក្មេងៗកីឡាករទាំងនោះ គឺពួកគេធ្លាប់ទៅកាន់ទីនោះកាលពីចុងឆ្នាំ២០១៦ ផងដែរ៕