(ម៉ូស្គូ)៖ ក្រុមពពកស អាហ្សង់ទីន ធ្លាប់បានយកឈ្នះក្រុមនៅអឺរ៉ុប មាន់គកបារាំងរហូតដល់ទៅ ៦ដង ក្នុងចំណោមជួប គ្នា ១១ដងនាពេលកន្លងមក ដែលត្រូវប៉ះគ្នាជាថ្មីនាម៉ោង ៩យប់ថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ក្នុងវគ្គ ១៦ក្រុមនៃ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។
ក្នុងប្រវត្តិជួបគ្នា ១១លើករវាងក្រុមខ្លាំងទាំងពីរនេះ បារាំងធ្លាប់យកឈ្នះក្រុមរបស់ Lionel Messi តែ២ដងគត់ក្នុងឆ្នាំ ១៩៧១ និងឆ្នាំ១៩៨៦ នៅក្នុងការជំនួបមិត្តភាពអន្តរជាតិ ក្រៅពីធ្លាប់ស្មើ៣ដង និងចាញ់ដល់ទៅ ៦ដង។ ក្រុមទាំងពីរ ធ្លាប់ជួបគ្នាប្រកួតផ្លូវការបាន ២ដងនៃយុទ្ធនាការ World Cup ដោយក្រុមមកពីតំបន់អាមេរិកឡាទីន បានយកឈ្នះទាំង ពីរដងក្នុងលទ្ធផល ១-០ និង ២-១ និងក្រៅពីនេះជួបគ្នាក្នុងមិត្តភាពអន្តរជាតិទាំងអស់។
គួរបញ្ជាក់ផងដែរថា បារាំង ឡើងមកវគ្គ ១៦ក្រុមដោយស្រួល ជាមួយនឹងការបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ នៃពូល C លេង៣ប្រកួតសន្សំពិន្ទុក្នុងពូល ឈ្នះ២ដង និងស្មើ១ដង មិនដែល ស្របពេលអាហ្សង់ទីន បានឡើងមកទាំងត្រដាបត្រដួសបំផុត ជាពិសេស១ប្រកួតកាត់សេចក្តី ពេលបានយកឈ្នះនីហ្សេរីយ៉ា ២-១ ចុងម៉ោង បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ នៃពូល D។
ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ ៤ឆ្នាំម្តង FIFA World Cup អាហ្សង់ទីន មិនដែលធ្លាក់ក្នុងវគ្គសន្សំពិន្ទុក្នុងពូលឡើយ តែបារាំងធ្លាប់ម្តងកាលពី World Cup 2002 នៅជប៉ុន និងកូរ៉េខាងត្បូង បន្ទាប់ពីមាន់គកមួយនេះបានឈ្នះជើងឯក World Cup 1998 ក្នុងទឹកដីរបស់ខ្លួន ក្រោយយកឈ្នះប្រេស៊ីល ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ៕