(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយជាមួយរដ្ឋមន្ត្រីការបទេសកូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា (Kang Kyung-Wha) អំពីជំហានបន្តបន្ទាប់ដែលត្រូវជាមួយនឹងប្រទេសកូរ៉េខាងជើង បន្ទាប់ពីកិច្ចប្រជុំកំពូលនៅសិង្ហបុរីរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ត្រូវបានបញ្ចប់ទៅហើយ តែមិនទាន់ឃើញការអនុវត្តអ្វីទៅតាមកិច្ចព្រមព្រៀងជាដុំកំភួននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងកិច្ចពិភាក្សារវាងប្រមុខការទូត នៃប្រទេសសម្ព័ន្ធមិត្តទាំងពីរ ជាចុងក្រោយក៏បានសម្រេចបន្តការដាក់សម្ពាធ ទៅលើកូរ៉េខាងជើងដដែល ដើម្បីឲ្យរដ្ឋកុម្មុយនិស្តមួយនេះ ធ្វើអ្វីៗទៅតាមការព្រមព្រៀងរបស់ខ្លួន ជាមួយមេដឹកនាំកំពូលអាមេរិក និងកូរ៉េខាងត្បូង នោះគឺការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។
គួរបញ្ជាក់ថា នៅក្នុងអះអាងថានឹងបន្តការដាក់សម្ពាធលើកូរ៉េខាងជើងនោះ គឺតំណាងការទូតប្រទេសទាំងពីរមិនបានបញ្ជាក់ថា តាមរយៈវិធីណាខ្លះនោះឡើយ ប៉ុន្តែបច្ចុប្បន្ន គឺកូរ៉េខាងជើងកំពុងទទួលរងសម្ពាធសេដ្ឋកិច្ច ពីអន្តរជាតិស្រាប់ទៅហើយ។ ដោយឡែកការអនុវត្តន៍តាមកិច្ចព្រមព្រៀងរវាងមេដឹកនាំ កូរ៉េខាងជើង និងកូរ៉េខាងត្បូង ព្រមទាំងសហរដ្ឋអាមេរិកនោះ គឺហាក់ដូចជាមិនទាន់លេចចេញជារូបរាងឡើយ ជាពិសេសគឺប្រតិបត្តិការរំសាយអាវុធនុយក្លេអ៊ែរ ខណៈអ្នកត្រូវចាយវាយ និងពេលវេលាត្រូវចាប់ ក៏គ្មានការបញ្ជាក់នៅឡើយ៕