(ម៉ាល់ឌីវ)៖ អតីតប្រធានាធិបតីប្រទេសម៉ាល់ឌីវ លោក Mohamed Nasheed បានឲ្យដឹងនៅថ្ងៃសុក្រនេះថា លោកបានដកបញ្ជីឈ្មោះបេក្ខជន របស់លោក ចេញពីការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី២៣ ខែកញ្ញាខាងមុខ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៩ ខែមិថុនានេះ។
ក្រោយគណៈកម្មាធិការបោះឆ្នោត បានផ្ញើលិខិត ទៅកាន់គណបក្ស Maldivian Democratic Party របស់លោក, លោក Nasheed បានឲ្យដឹង នៅក្នុងសារដែលលោកបាន បង្ហោះលើប្រព័ន្ធទំនាក់ទំនង Twitter ថា លោកមិនអាចប្រកួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី បាននោះទេ, លោកបានសម្រេចបោះបង់ចោល បញ្ជីឈ្មោះបេក្ខជនប្រធានាធិបតីរបស់លោកហើយ។
លោក Nasheed បានដាក់ពាក្យប្រកួតប្រជែង នៅក្នុងការបោះឆ្នោតប្រធានាធិបតី ប៉ុន្តែការជ្រើសរើសឲ្យឈរឈ្មោះរបស់លោក ត្រូវបានបដិសេធ ដោយគណៈកម្មាធិការបោះឆ្នោត ដោយសារតែលោកប្រឈមមុខនឹងការចោទប្រកាន់ ពីបទពាក់ព័ន្ធនឹងអំពើភេរវកម្ម។
គណៈកម្មាធិការបោះឆ្នោត បានឲ្យដឹងកាលពីខែមុនថា ជនណាដែលត្រូវបានផ្តន្ទាទោសពីបទព្រហ្មទណ្ឌ មិនអាចចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសតាំង ប្រធានាធិបតីនោះទេ ដោយបានព្រមានថា បើមានការបោះឆ្នោតដូច្នោះមែន វានឹងត្រូវចាត់ទុកជាមោឃៈ៕