(វ៉ាស៊ីនតោន)៖ ទីបំផុតនៅព្រឹកព្រហាមថ្ងៃសុក្រ (ម៉ោងនៅភាគខាងត្បូងអាមេរិក) គ្រឿងយន្តឆ្លាតវ័យដែលមានបំពាក់ បញ្ញាសិប្បនិម្មិត ឬ AI ត្រូវបានដឹកនាំតាមរយៈគ្រាប់រ៉ុក្កែតរបស់ SpaceX ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។
គ្រឿងយន្តវ័យឆ្លាតខាងលើនេះ គឺហោះទៅជាមួយនូវឧបករណ៍វិទ្យាសាស្ត្រទម្ងន់ ២,៧០០គីឡូក្រាម, ឧបករណ៍ផ្គត់ផ្គង់ និងគ្រឿងបន្លាស់ ដែលបានហោះចេញពីមូលដ្ឋានបាញ់បង្ហោះនៅស្ថានីយទ័ពអាកាស Cape Canaveral នៃរដ្ឋផ្លូរីដា សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ៥៖៤២នាទីព្រឹកថ្ងៃសុក្រ (ពេលវេលាក្នុងតំបន់)។
ក្រោយការបាញ់បង្ហោះតែ ១០នាទីប៉ុណ្ណោះ មូលដ្ឋានគ្រប់គ្រងការហោះហើររបស់ SpaceX បានប្រកាសឲ្យដឹងថា យានរ៉ុក្កែត Dragon របស់ខ្លួនកំពុងធ្វើដំណើរនៅក្នុងគន្លងដ៏ត្រឹមត្រូវល្អ។ បើតាមបញ្ជាក់ យានផ្ទុកគ្រឿងបរិក្ខាយ៉ាងច្រើននេះ នឹងទៅដល់ស្ថានីយអវកាស ISS នៅថ្ងៃទី០២ ខែកក្កដាខាងមុខនេះ ហើយនឹងបន្តស្ថិតនៅទីនោះរយៈពេល០១ខែ ទើបត្រឡប់មកផែនដីវិញ។
គួរបញ្ជាក់ថា គ្រឿងយន្តវ័យឆ្លាតខាងលើនេះមានឈ្មោះថា CIMON ដែលវាជាការធ្វើតេស្ត និងស្រាវជ្រាវបន្ថែមទៅលើការប្រើប្រាស់បច្ចេកវិទ្យា AI។ ជាដំបូងវានឹងអាចជួយបំបាត់ភាពអផ្សុករបស់អវកាយានិក នៅលើស្ថានីយអវកាស ISS និងអាចបំពេញការងារនៅអំឡុងពេលធ្វើដំណើរ ក្នុងទីអវកាសនារយៈពេលវែង៕