(ប៉េកាំង)៖ របាយការណ៍របស់សមាគមប្រព័ន្ធសកល សម្រាប់ទំនាក់ទំនងទូរស័ព្ទចល័ត ឬ Global System for Mobile Communication Association (GSMA) បានឱ្យដឹងថា ប្រទេសចិននឹងក្លាយជាទីផ្សារ 5G ដ៏ធំបំផុតនៅលើពិភពលោកនៅត្រឹមឆ្នាំ២០២៥ ជាមួយតំណរភ្ជាប់ 5G ជាង ៤៣០លាន ឬស្មើនឹងមួយភាគបីនៃតំណរភ្ជាប់ 5G ទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍ខាងលើដដែល ក្រុមហ៊ុនទូរស័ព្ទចល័តចិនទាំងបី កំពុងដឹកនាំការធ្វើតេស្ដលើប្រព័ន្ធ 5G ដែលជាផ្នែកមួយ នៃផែនការរួមមានបញ្ចូលទាំងការស្រាវជ្រាវ និងការអភិវឌ្ឍ ព្រមទាំងការដាក់ពង្រាយបណ្ដាញយុទ្ធសាស្ត្រ ក្រោមទម្រង់ពាណិជ្ជកម្ម ទ្រង់ទ្រាយធំនៅត្រឹមឆ្នាំ២០២០។
បន្ថែមពីលើនេះ អគ្គនាយក GSMA លោក ម៉ាត់ស៍ ហ្គ្រេនរីដ (Mats Granryd) ក៏បានគូសបញ្ជាក់ដែរថា តួនាទីឈានមុខគេរបស់ចិនលើបច្ចេកវិទ្យា 5G ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលមានបំណងផ្ដល់ជូននូវសេវាអ៊ីនធើណែតលឿនបំផុត ដល់ប្រជាជនរបស់ខ្លួន និងសហគ្រាសនៅទូទាំងប្រទេស៕