(សេអ៊ូល)៖ កងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង USFK បានផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួននាថ្ងៃសុក្រនេះ ទៅកាន់មូលដ្ឋានថ្មីនៅឯភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល ដោយវាគឺជាគម្រោងរុះរើទីតាំង ដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ធ្លាប់បានព្រមព្រៀងគ្នាកាលពីខែឧសភា ឆ្នាំ២០០៣។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។
កងកម្លាំង USFK បានរៀបចំប្រារព្ធពិធីមួយ ដើម្បីបើកសម្ពោធទីស្នាក់ការយោធាថ្មី នៅឯបន្ទាយ ខេមភ៍ ហាំព្រៃស៍ ( Camp Hamphreys) ក្នុងទីក្រុងព្យុងទែក ចម្ងាយប្រហែល ៧០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងសេអ៊ូល ខណៈទីស្នាក់ការកណ្តាលចាស់កាលពីមុន ស្ថិតនៅសង្កាត់យ៉ុងសាន ដែលនៅចំកណ្តាលបេះដូងរដ្ឋធានី របស់កូរ៉េខាងត្បូងតែម្តង។
គួរជម្រាបថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងគ្នាកាលពីខែឧសភា ឆ្នាំ២០០៣ ចំពោះកម្មវិធីផ្លាស់ប្តូរទីតាំងនេះ ដើម្បីប្រមូលផ្តុំមូលដ្ឋានទ័ពអាមេរិក នៅទូទាំងប្រទេសកូរ៉េខាងត្បូង ឲ្យទៅជាយោធភូមិធំៗចំនួនពីរ នៅឯទីក្រុងព្យុងទែក (Pyeongtaek) និងឌែហ្គូ (Daegu) ដែលជាទីក្រុងមួយនៅខេត្តគ្យុងសាងខាងជើង (North Gyeongsang)។
សម្រាប់ដំណើរការសាងសង់ នៃទីស្នាក់ការខាងលើបានចំណាយពេលប្រមាណជា ១០ឆ្នាំ ហើយការចំណាយ ៩០ភាគរយ នៃគម្រោងតម្លៃ ១០.៨ពាន់លានដុល្លារនេះ គឺទទួលបានពីរដ្ឋាភិបាលកូរ៉េខាងត្បូង៕