(អាមេរិក)៖ ទិន្នន័យបាន​មកពីយាន​អវកាស Cassini បានលាតត្រដាង​ឲ្យដឹងថា ម៉ូលេគុល​សរីរាង្គដ៏ស្មុគស្មាញ​ត្រូវបានគេដឹងថា មាននៅលើព្រះច័ន្ទ​ទឹកកក អេនសេឡាដឹស (Enceladus) របស់​ភពសៅរ៍ (Saturn) ដែលប្រការនេះ​កំពុងជួយជ្រោមជ្រែងបន្ថែមទៀត ចំពោះទស្សនៈដែលថា Enceladus មាន​លក្ខ​ខណ្ឌ​សាកសមសម្រាប់ទ្រទ្រង់​ជីវិត ប៉ុន្តែមិនទាន់មានការអះអាងថា Enceladus មានវត្តមាន​ជីវិតនោះ​ឡើយ។ នេះបើ​តាមការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ​២០១៨។

កាលពី​មុនមក យាន Cassini ធ្លាប់តែប្រទះ​ឃើញ​ម៉ូលេគុលតូចៗ​ និងធម្មតាៗ​​ប៉ុណ្ណោះ នៅលើ​ព្រះច័ន្ទ Enceladus។ ចំពោះលទ្ធផលនៃការ​ស្រាវ​ជ្រាវ​ថ្មីនេះ​វិញ ដែលត្រូវបានចុះផ្សាយ​នៅលើទស្សនាវដ្តី​វិទ្យាសាស្រ្ត Nature បានបង្ហាញ​ពីម៉ូលេគុលធំៗ និងធ្ងន់ជាង​ពេលណាៗ​ទាំងអស់។ ម៉ូលី​គុល​​ធំៗ​​​​បែបនេះ អាចត្រូវ​បានបង្កើតឡើង​ ដោយដំណើរការគីមីសាស្រ្ត​យ៉ាងស្មុគស្មាញ ក្នុងនោះរួមមាន​ទាំងដំណើរការ​ ដែលទាក់ទិន​នឹង​ទម្រង់ជីវិត​ជាដើម ឬក៏ពួកវាអាច​មានប្រភពមកពីសារធាតុ​ជាមូលដ្ឋានគ្រឹះ នៅក្នុងអាចម៍​ផ្កាយមួយចំនួន ដែលធ្លាក់​នៅលើ Enceladus។

គួរជម្រាបថា បេសកកម្ម Cassini-Huygens ដែលជាគម្រោង​នៃកិច្ចសហប្រតិបត្តិការ ​រវាងទីភ្នាក់ងារ​អវកាសអាមេរិក NASA, ទីភ្នាក់ងារ​អវកាស​​អឺរ៉ុប ESA និងទីភ្នាក់ងារ​អវកាសអ៊ីតាលី ត្រូវបានគេ​ទម្លាក់ខ្លួនកម្ទេច​ចោល ក្រោយបញ្ចប់​បេសកកម្ម​ទៅក្នុងភពសៅរ៍ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

រំលឹកដល់កាលពីខែមេសា ឆ្នាំ២០១៧ លទ្ធផលសិក្សា និងស្រាវជ្រាវដ៏ភ្ញាក់ផ្អើលមួយ ក៏ត្រូវបានរកឃើញផងដែរ នៅព្រះច័ន្ទ Enceladus របស់ភពសៅរ៍ នោះគឺភស្តុតាង​ដ៏គួរឲ្យទាក់ទាញ​អារម្មណ៍​ជាងគេថា​ មហាសមុទ្រ​កំពុងសំងំ​លាក់​ខ្លួន​នៅ​​ក្រោម​ផ្ទាំង​​ទឹក​កក​នៃ​ព្រះច័ន្ទ​ដ៏ធំទី០៦ របស់ភពសៅរ៍គឺ Enceladus អាចជាជម្រករបស់ភាវៈមានជីវិត។

ក្នុងរយៈពេលជាច្រើនឆ្នាំមុន Cassini ត្រូវបានកម្ទេចចោលនោះ វាបានធ្វើការ​អង្កេត​យ៉ាងដិតដល់ ទៅលើកំសួល​ទឹកមានផ្ទុកសារធាតុ​គីមីសរីរាង្គ ដែលផុសចេញ​នៅលើ​ព្រះច័ន្ទ Enceladus ហើយ​ការ​រក​ឃើញ​ថ្មី​នេះ​ បាន​បន្ថែម​​​​សមាសធាតុផ្សំ​ដ៏សំខាន់មួយ សម្រាប់អនុញ្ញាត​ឲ្យជីវិតអាចកកើត​បាននោះគឺ «ឧស្ម័នអ៊ីដ្រូសែន»។

វត្តមានរបស់អ៊ីដ្រូសែន​នៅក្នុងកំសួលទឹក​ទាំងនោះ បានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្ត​របស់ទីភ្នាក់ងារ​អវកាស NASA ​សង្ស័យ​ថា ​មានអា​ងទឹក​ក្តៅ​​ផុសពី​ក្នុងផ្ទៃព្រះច័ន្ទ នៅឯក្រោម​បាតមហាសមុទ្ររបស់ព្រះច័ន្ទ Enceladus ហើយដូចទៅ​នឹងមហាសមុទ្រ​នៅលើភពផែនដី​យើងដែរ។ ទឹក​ក្តៅ​​ផុស​ទាំង​នោះ​អាច​ជា​ជម្រករបស់​មីក្រូសារពាង្គកាយ ដែលប្រើប្រាស់​ថាមពលគីមីនៃឧស្ម័ន​អ៊ីដ្រូសែន និងកាបូន​ឌីអុកស៊ីត ដើម្បី​ផលិត​ចេញ​​​ជា​មេតាន​​ និង​ថាមពល​ផ្សេងៗ​សម្រាប់​​ទ្រ​ទ្រង់​ជីវិត៕