(ចិន)៖ ការបើកប្រវត្តិសាស្ត្រថ្មីផ្នែកបច្ចេកវិទ្យា កំពុងជួយឱ្យវិស្វករ និងអ្នកស្រាវជ្រាវ អាចបង្កើតវិធីជាច្រើន ដើម្បីធ្វើឱ្យទីក្រុងនានានៅទូទាំងពិភពលោក កាន់តែមានសុវត្ថិភាព និងភាពឆ្លាតវៃ។

បើយោងតាមអង្គការសុខភាពពិភពលោក គ្រោះថ្នាក់ចរាចរណ៍ សម្លាប់ប្រជាជនចិនជាង២៦ម៉ឺននាក់ក្នុង១ឆ្នាំ។ នៅក្រុង ហាងចូវ ប៉ែកខាងកើតប្រទេសចិន អាជ្ញាធរកំពុងព្យាយាមកាត់បន្ថយចំនួនអ្នកស្លាប់នេះ ដោយប្រើកាមេរ៉ាសុវត្ថិភាព។

លោក ស៊ូ ជីថាវ បុគ្គលិកក្រុមហ៊ុនមួយបានថ្លែងថា «យើងទាំងអស់គ្នាប្រុងប្រយ័ត្នខ្លាំងណាស់ ពេលធ្វើដំណើរ សព្វថ្ងៃនេះ។ គេមានកាមេរ៉ាជាច្រើន ដែលភ្ជាប់ជាមួយប្រព័ន្ធបញ្ញានិម្មិត AI។ ការបើកបរដែលខុសឆ្គង នឹងត្រូវបានថតទុក និងរាយការណ៍ភ្លាមៗតែម្តង។ ដូច្នេះ សណ្តាប់ធ្នាប់ចរាចរណ៍នៅហាងចូវ ក៏មានភាពល្អប្រសើរជាងមុនច្រើនដែរ»

មានភ្លើងស្តុប និងកាមេរ៉ាសុវត្ថិភាពរាប់រយ នៅទូទាំងក្រុងនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន អាលីបាបា បានចំណាយពេល២ឆ្នាំមកហើយ ដើម្បីសហការជាមួយប៉ូលិសចរាចរណ៍ ពាក់ព័ន្ធនឹងប្រព័ន្ធរក្សាទិន្នន័យក្នុងអ៊ីនធើណេតមួយ ដែលមានឈ្មោះថា «ខួរក្បាលទីក្រុង ឬ City Brain» ដើម្បីធ្វើឱ្យកាមេរ៉ាទាំងឡាយ មានភាពឆ្លាតវៃសមល្មម អាចសម្គាល់ឬផ្សាយសកម្មភាពមិនប្រក្រតី ដែលកើតមាននៅលើដងផ្លូវទៀតផង។

ដោយមានសមត្ថភាពផ្សាយផ្ទាល់វីដីអូ ប្រព័ន្ធខួរក្បាលទីក្រុងនេះ អាចរាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាមុន អាចបញ្ជាក់ថា មានគ្រោះថ្នាក់ចរាចរណ៍ នៅទីតាំងណាមួយក្នុងរយៈពេល២០វិនាទី និងអាចកែប្រែល្បឿនភ្លើងស្តុប ដើម្បីអនុញ្ញាតឱ្យឡានសង្គ្រោះបន្ទាន់ អាចឆ្លងកាត់ចរាចរណ៍បាន។

លោក ហួរ សៀនសឹង នាយកជាន់ខ្ពស់ ក្រុមហ៊ុន អាលីបាបាហ្គ្រុប បានថ្លែងថា «បច្ចេកវិទ្យារបស់យើង នឹងធ្វើឱ្យកាមេរ៉ាទាំងនោះ អាចឆែកមើលដោយស្វ័យប្រវត្តិតែម្តង អំពីស្ថានភាពដែលកំពុងកើតឡើង នៅតាមផ្លូវ។ បច្ចុប្បន្ន កម្រិតនៃការផ្តល់ព័ត៌មាន ដោយច្បាស់លាស់នៃប្រព័ន្ធនេះ គឺមានយ៉ាងហោចណាស់ក៏ជាង៩៥ភាគរយដែរ»

នៅអាមេរិក ក្រុមហ៊ុនហ្វេសប៊ុក ក៏កំពុងពន្លឿនការភ្ជាប់បណ្តាញ WIFI របស់ខ្លួនផងដែរ នៅក្រុង សាន់ចូស រដ្ឋកាលីហ្វញ៉ា។

ក្រុងនេះ កំពុងសហការជាមួយក្រុមហ៊ុនហ្វេសប៊ុក ពាក់ព័ន្ធនឹងបច្ចេកវិទ្យាមួយ ដែលមានឈ្មោះថា ធារ៉ាក្រាហ្វ (Terragraph)។ នៅតាមទីប្រជុំជន ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ការប្រើប្រាស់ដ៏ច្រើនសន្ធឹកសន្ធាប់នូវវីដីអូ និងរូបថតដែលមាន Resolution ខ្ពស់ ឧស្សាហ៍ធ្វើឱ្យការបញ្ជូនទិន្នន័យមានភាពយឺតយាវ។ ប៉ុន្តែបច្ចេកវិទ្យា ធារ៉ាក្រាហ្វ អាចបញ្ជូនការភ្ជាប់អ៊ីនធើណេតល្បឿនលឿន ទៅកាន់តំបន់ទាំងនោះបាន។

លោក ឃីប ហាខេនស៍ អនុប្រធានគ្រប់គ្រងទីក្រុងសាន់ចូស រដ្ឋកាលីហ្វញ៉ា បាននិយាយថា «ឥឡូវនេះ យើងមានឧបករណ៍នេះនៅតាមបង្គោលជាង២៥០បង្គោល។ វាមានតួនាទីជំនួសឱ្យឧបករណ៍ បញ្ជូនទិន្នន័យត្រលប់មកវិញ ដែលគេប្រើក្នុងខ្សែកាប។ វាបញ្ជូនទិន្នន័យតាមលំហរអាកាសតែម្តង»

ជំនាន់ថ្មីនៃប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុង អាចកើតចេញពីរចនាសម្ព័ន្ធចរាចរណ៍ ដែលឆ្លាតជាងមុន និងប្រព័ន្ធបញ្ជូនទិន្នន័យដែលលឿនជាងមុន។

លោក ស៊ីបាសស្ទៀន ធ្រុន នាយកប្រតិបត្តិ ក្រុមហ៊ុន Kitty Hawk ថ្លែងថា «ខ្ញុំគិតថា យើងគ្រាន់តែកែខៃបន្តិចពីប្រព័ន្ធដឹកជញ្ជូន ដែលមាននាពេលសព្វថ្ងៃប៉ុណ្ណោះ។ របស់មួយដែលមិនទាន់ មានគេរុករកឃើញនោះ គឺវិធីបញ្ជូនទិន្នន័យតាមខ្យល់។ យើងមានខ្យល់ច្រើនណាស់។ ជាទូទៅ វាមានសុវត្ថិភាពខ្ពស់ គឺស្ទើរតែគ្មានអ្វីដែលត្រូវប៉ះទង្គិចទៅហើយ នៅក្នុងលំហរអាកាស។ វាក៏មានប្រសិទ្ធភាពខ្ពស់ណាស់ដែរ ពីព្រោះវាធ្វើដំណើរនៅលើបន្ទាត់ត្រង់តែម្តង»

ចិន និងអាមេរិក បាននិងកំពុងសម្រេច បានជាលទ្ធផលជាបណ្តើរៗហើយ ក្នុងការឆ្ពោះទៅសម្រេចគោលដៅនេះ។ កាលពីខែកុម្ភៈ ក្រុមហ៊ុនមួយឈ្មោះថា អ៊ីហាង (Ehang) បានបង្ហោះដ្រូនដឹកអ្នកដំណើរ ដែលគ្មានមនុស្សបញ្ជាជាលើកដំបូងបង្អស់ នៅក្រុងគ័ងចូវ ប៉ែកខាងត្បូងប្រទេសចិន។

បួនខែក្រោយមក នៅក្រុងឡាស់វេហ្កាស់ លោក ធ្រុន ដែលជាស្ថាបនិកក្រុមហ៊ុន Kitty Hawk និងជាអតីតនាយកក្រុមហ៊ុន Google X បានរៀបចំការធ្វើតេស្តសាកល្បងជាសាធារណៈ នូវរថយន្តហោះ។

ដោយផ្អែកលើការខិតខំ និងស្នាដៃទាំងនេះ អនាគតរបស់ប្រព័ន្ធដឹកជញ្ជូនតាមទីក្រុង អាចនឹងឈានចូលមកដល់ លឿនជាងការគិតរបស់មនុស្សទៅទៀត៕ (សារព័ត៌មាន CCTV របស់ចិន)